ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះបើកសិទ្ធិពេញលេញ ឲ្យពលរដ្ឋរាយការណ៍ចំៗមុខ


ភ្នំពេញ ៖ ដើម្បីឲ្យរដ្ឋបាល សាធារណៈមានប្រសិទ្ធភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះបើកសិទ្ធិពេញលេញ ឲ្យពលរដ្ឋរាយការណ៍ចំៗមុខ នូវមន្ដ្រីអសកម្ម ដែលធ្វើបាបពលរដ្ឋ ដើម្បីកំចាត់ចោលភ្លាមៗ ធ្វើយ៉ាងណាឲ្យពលរដ្ឋ សប្បាយក្នុងការរស់នៅ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថាបើដឹងថា មន្ត្រីណាអាក្រក់ប្រជាពលរដ្ឋ ត្រូវហ៊ាននិយាយប្រាប់រាជរដ្ឋាភិបាលចំៗ ឈ្មោះដើម្បីចាត់វិធានការ តាមអភិក្រមទាំង៥ពោលគឺដកតំណែងចោលភ្លាមៗតែម្ដង ។

ឯកឧត្តមបន្ដថា កម្ពុជាកំពុងតែប្រឆាំង នឹងអំពើពុករលួយ បើសិនជាមន្ត្រីណាមួយធ្វើឲ្យមានឧបសគ្គមន្ត្រីនោះ នឹងត្រូវប្រឈមជាមួយអភិក្រមទី៥។

ឯកឧត្តមរាប់រៀបថា សន្ដិភាព គឺជាកត្តាយ៉ាងសំខាន់ ដែលធ្វើឲ្យពលរដ្ឋនៅជិតរាជរដ្ឋាភិបាល បើសិនកម្ពុជាមានសង្គ្រាម រដ្ឋាភិបាលមិននៅជិតពលរដ្ឋឡើយ ។ ដូច្នេះរដ្ឋាភិបាល បានខិតខំប្រឹងប្រែងបង្កើតវេទិកាសាធារណៈ ដើម្បីដឹងសុខទុក្ខរបស់ពលរដ្ឋ ។

ឯកឧត្តម ផៃ ស៊ីផាន និយាយថា “កាលពេលមុន ចប់វេទិកាគាត់អត់សួរ គាត់អត់ឆ្លើយ រួចហើយគាត់ទៅវិញ។ប៉ុន្ដែឥឡូវនេះអត់ទេ គ្រាន់តែដឹងអ្នកទទួលខុសត្រូវវេទិកាសាធារណៈ ពេលបើកឡានទៅគាត់ឃាត់សួរភ្លាមៗ ។ ឥឡូវអរគុណហ្វេសប៊ុក ដែលឃើញលោកសរសេរ អំពីការពិបាកចិត្ត ប៉ុន្ដែសូមឲ្យលោកហ្នឹងនិយាយឲ្យចំៗ បុគ្គលណាប្រព្រឹត្តខុសច្បាប់”។

ឯកឧត្តមបន្ដថា “ខ្ញុំលើកទឹកចិត្តដល់ប្រជាពលរដ្ឋរបស់យើង ព្រោះប្រទេស នឹងជាប្រទេសរបស់យើង ហើយយើងអត់មានខ្ញុំនរណាទេ ហើយមានរដ្ឋាភិបាលដាក់ខ្លួនជាខ្ញុំ រួចជាសម្រេចទៅហើយ ។សម្ដេចតេជោ ហ៊ុន សែន តែងតែឲ្យមន្ដ្រីរាជការ ជាខ្ញុំបម្រើរាស្ដ្រ។ដូច្នេះ សូមឲ្យប្រជារាស្ដ្រ លោកសហការជាមួយគ្នា តាមដានមើលមន្ដ្រីណា ដែលវាអាក្រក់ មន្ដ្រីណាបំផ្លាញសមិទ្ធផលរបស់យើង អាហ្នឹងប្រាប់ឈ្មោះមក” ។

ចំណែក រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ងី ច័ន្រ្ទផល បានអំពាវនាវទៅដល់ មន្ដ្រីរាជការ ត្រូវធ្វើឲ្យពលរដ្ឋសប្បាយចិត្ត និងដោះស្រាយបញ្ហាឲ្យពួកគាត់បានទាន់ពេលវេលាផងដែរ។

ឯកឧត្តមថា ពលរដ្ឋត្រូវមានសេចក្ដីក្លាហាន កុំភ័យខ្លាច និងមានសេចក្ដីស្មោះត្រង់ ដើម្បីរាយការណ៍នូវមន្ដ្រីណាបានធ្វើបាបពលរដ្ឋ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺ កសាងរដ្ឋបាលសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងពលរដ្ឋ ។

ឯកឧត្តមបញ្ជាក់ថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺទិសដៅរបស់រាជរដ្ឋាភិបាល ដូច្នេះត្រូវគ្រប់គ្រងទំហំមន្ត្រីរាជការ ស៊ីវិលឲ្យបានសមស្របនឹងប្រាក់បៀវត្សរ៍ ក្របខណ្ឌនៃគណនេយ្យភាពសង្គម លើកកម្ពស់ការផ្តល់សេវា និងលើកកម្ពស់ការបែងចែកថវិកាសម្រាប់ថ្នាក់ក្រោមជាតិ បង្កើនធនធានសង្គម និងសមត្ថភាព៕