មន្រ្តីឧទ្យានុរក្សចូលរួមឆ្លើយតបនឹងគ្រោះទឹកជំនន់នៅខេត្តស្ទឹងត្រែង


នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិវីរ:ជ័យ សហការជាមួយអាជ្ញាធរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងត្រៀមលក្ខណៈជម្លៀសប្រជាជនងាយរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅតាមដងទន្លេមេគង្គទៅកាន់ទីទួលសុវត្ថិភាព។ ប្រតិបត្តិការនេះ រៀបចំឡើងនៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ គួរបញ្ជាក់ថា ស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានការកើនឡើងជាលំដាប់ ដែលតម្រូវឱ្យប្រជាជននមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការថែទាំកុមារ រៀបចំថ្នាំសង្កូវ និងសម្ភារចំបាច់នានា ដើម្បីត្រៀមជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព ដែលបានរៀបចំដោយអាជ្ញាធរមូលដ្ឋាន។ នៅក្នុងខេត្តស្ទឹងត្រែងនេះដែរ មន្រ្តីឧទ្យានុរក្សនៃតំបន់រ៉ាមសារ ស្ទឹងត្រែង បានចុះជួយប្រជាពលរដ្ឋ ដោយដឹកជញ្ជូនសំភារៈផ្សេងៗ ដែលកំពុងគំរាមកំហែងពីគ្រោះទឹកជំនន់ និងបានជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្តិភាព មាន ០២ទីតាំង រួមមាន៖ នៅសាលាអនុវិទ្យាល័យអូរស្វាយ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ និងនៅទួលខ្មោច ក្នុងភូមិអូរសាយ ដែលស្ថិតនៅឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មន្រ្តីឧទ្យានុរក្សនៅតែបន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រៀមបង្ការ និងជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់នៅតាមភូមិសាស្រ្តឈរជើង។