(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអារ៉ាប៊ីសាអូឌីត បានស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគថែមទៀត ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងឧត្តមប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ត្រឹមតែ ១២,៧៧លានដុល្លារអាមេរិក ប៉ុណ្ណោះ។
ការព្រមព្រៀងខាងលើ ត្រូវបានធ្វើឡើងតាមរយៈជំនួបពិភាក្សារវាង ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតនៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងជំនួប ឯកឧត្តម កឹម ស៊ីថន បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលមានគម្រោងនាំចូលផលិតផលប្រេង(សាំង) ហ្គាស និងទំនិញប្រើប្រាស់ដទៃទៀត ពីប្រទេសអារ៉ាប៊ីសាអូឌីត មកកាន់ប្រទេសកម្ពុជា និងបានស្នើសុំភាគីទាំងពីរចុះកិច្ចព្រមព្រៀងពីរ គឺ៖ ១)កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និង២)កិច្ចព្រមព្រៀងស្តីពីកិច្ចការពារវិនិយោគទៅវិញទៅមក ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើ ឯកឧត្តម ឯកអគ្គរាជទូត ជួយកៀងគរវិនិយោគិន និងធុរជន ព្រមទាំងប្រជាជនអារ៉ាប៊ីសាអូឌីត ចូលមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ និងឱកាសធ្វើធុរកិច្ច ក៏ដូចជាវិស័យទេសចរណ៍ និងវប្បធម៌ ដោយសារតែកម្ពុជា សម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិ និងបែបវប្បធម៌ប្រវត្តិសាស្ត្រ ជាច្រើន។
ជាការឆ្លើយតប ឯកឧត្តម សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្តួចផ្តើមឱ្យមានការចុះកិច្ចព្រមព្រៀងទាំងពីរខាងលើ ហើយតាមរយៈឯកសារនេះ អារ៉ាប៊ីសាអូឌីត សង្ឃឹមថានឹងជួយបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក រវាងស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវការកម្លាំងពលកម្មច្រើនពីកម្ពុជា និងមានបំណងនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ ដំឡូងមី ជ័រកៅស៊ូ ម្រេច និងវត្ថុធាតុដើមផ្សេងទៀត ទៅផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ខ្លួនផងដែរ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី។