ឯកឧត្តម ចាន់ យុត្ថា បានអញ្ជើញចុះពិនិត្យការងារស្តារប្រឡាយ ០១ ខ្សែ ដើម្បីនាំទឹកពីស្ទឹងសង្កែ ត្រង់ចំណុចឃុំនរា ទៅកាន់ស្ទឹងចាស់


ថ្ងៃសៅរ៍ ៩កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យការងារស្តារប្រឡាយ ០១ ខ្សែ ដើម្បីនាំទឹកពីស្ទឹងសង្កែ ត្រង់ចំណុចឃុំនរា ទៅកាន់ស្ទឹងចាស់ ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

សូមបញ្ជាក់ជូនថា ឆក់ឱកាសក្នុងពេលដែលស្ទឹងសង្កែមានជំនន់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារ ស្តារប្រឡាយនេះជាបន្ទាន់ ដើម្បីទាញទឹកជំនន់ពីស្ទឹងសង្កែបញ្ចូលទៅស្ទឹងចាស់។

សូមជម្រាបជូនបន្ថែមថា ស្ទឹងសង្កែនាពេលបច្ចុប្បន្នពុំមែនជាស្ទឹងធម្មជាតិពីកំណើតមកនោះទេ ។ កំណាត់តួស្ទឹងសង្កែ ត្រង់បាត់ដំបងបច្ចុប្បន្ន គ្រាន់តែជាកូនអូរតូចមួយ ដែលមានដើមសង្កែដុះសងខាងតែប៉ុណ្ណោះ ។ នៅសម័យលោកម្ចាស់ គេបានបិទភ្ជិតតួស្ទឹងសង្កែ ត្រង់ម្ដុំចំណុចវត្តខ្វែង ឃុំវត្តតាមិម ហើយបង្វែរទឹក ឲ្យចូលមកអូរសង្កែវិញ ។ ចាប់ពីពេលនោះមក តួស្ទឹងសង្កែចាស់មួយកំណាត់ ចាប់ពីវត្តខ្វែង រហូតដល់បឹងទន្លេសាប បានក្លាយជាស្ទឹងងាប់ ។

បច្ចុប្បន្ន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដឹកនាំមន្ត្រីបច្ចេកទេសធ្វើការសិក្សា ដើម្បីបើកចរន្តទឹក ឲ្យស្ទឹងចាស់ដែលងាប់នេះ ក្លាយជាស្ទឹងដែលមានចរន្តទឹកហូរជាប្រក្រតីឡើងវិញ ៕