ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំមន្រ្តីបច្ចេកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅតាមបណ្តាស្រុកមួយចំនួន


នៅថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម និងជាប្រធានមុខព្រួញចុះជួយ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីបច្ចេកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅតាមបណ្តាស្រុកមួយចំនួន ដែលជារួមការងារបង្កបង្កើនផលគិតត្រឹមចុងខែសីហា សម្រេចបាន ប្រមាណ១០៧% លើផែនការ ១០៩០០០ហិកតា និងបច្ចុប្បន្ននៅទូទាំងខេត្ត មិនមានទីតាំងខ្វះទឹកឡើយ ក្នុងនោះក៏បានចុះពិនិត្យស្ថានភាពអាងទឹកមួយចំនួនរួមមាន ៖
១-អាងទឹកអន្លង់ជ្រៃទើបតែទទួលនិងតម្កល់ទឹកបាន៨០% ដែលស្មើ ២១លានម៉ែត្រគូប ដែលអាងនេះអាចតម្កល់ទឹក ២៧លានម៉ែត្រគូប។
២-អាងទឹកក្តុលទើបតែទទួលបានតម្កល់ទឹកទុកបាន៨៥% នៃសមត្ថភាពស្តុក។
៣- ស្ថានភាពទឹកទន្លេនៅមិនទាន់មានជន់បែក វាលនៅឡើយដែលធ្វើឲ្យអាងភ្លិចទឹកក្នុុងតំបន់ទំនាប មិនទាន់ទទួលបានទឹកទន្លេហូរចូលនៅឡើយដែរ ។
៤-ពិនិត្យស្ថានភាពផ្ទៃដីដាំដុះ ក្នុងប្រព័ន្ធធារាសាស្រ្ត យុទ្ធសាស្ត្រ និងណែនាំសហគមន៍ប្រើប្រាស់ទឹកក្នុងលក្ខណៈ សន្សំសំចៃ។
៥-បានពិនិត្យការរៀបចំ Gabions សម្រាប់ត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់ការដាច់ច្រោះ ទំនប់ដែលអាចកើតឡើងជាយថាហេតុ និង បានណែនាំមន្ទីរត្រូវ រក្សាទឹកទុក បើសិនកសិករមិនត្រូវការទឹកស្រោចស្រព ក្នុងពេលនេះទេ។