ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១៣១ គ្រួសារ នៅក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង


(ស្ទឹងត្រែង)៖នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣១គ្រួសារ មកពីភូមិចំនួន៣ ក្នុង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិធីនេះរៀបចំធ្វើឡើងនៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តដំរីស ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមវេជ្ជ.បណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចូលរួមសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នាពេលនេះ។

ជាមួយគ្នានេះឯកឧត្តមវេជ្ជ.បណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងមន្ត្រីសាខាក្រុងស្រុកទាំងអស់ត្រៀមខ្លួនរួចរាល់នូវកម្លាំងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ជាពិសេសធនធានសម្ភារ ធ្វើយ៉ាងណាដើម្បីឆ្លើយតប និងសង្គ្រោះឱ្យបានទាន់ពេលវេលា ទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ ផ្តល់ជូនជាឃីត មាន ( មុង ភួយ សារុង ក្រមា អាវយឺត) អង្ករ ២៥គីឡូក្រាម, មី១០កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ២ដប, ឆៃប៉ូវ ១គីឡូក្រាម, សណ្តែកសៀង ១គីឡូក្រាម និងប៊ីចេង ១គីឡូក្រាម និងមុងចំនួន១៕