សមាគមខ្មែរអូស្រ្តាលី-នូវ៉ែលហ្សេឡង់ ចំនួន៧ ថ្កោលទោសទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថព្រះមហាក្សត្រ


សមាគមខ្មែរអូស្រ្តាលី-នូវ៉ែលហ្សេឡង់ ចំនួន៧ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថព្រះមហាក្សត្រម្តងហើយម្តងទៀតយ៉ាងគឃ្លើន។

សមាគមពលរដ្ឋខ្មែរទាំង៧ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ រួមមាន៖
១៖ សមាគមវប្បធម៌កម្ពុជា រដ្ឋអូស្ត្រាលីខាងត្បូង
២៖ សមាគមខ្មែរ -អូស្ត្រាលី នៃរដ្ឋឃ្វីនស្ទែនដី
៣៖ សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា
៤៖ សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី
៥៖ សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង
៦៖ សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្ល័ងតុន
៧៖ សមាគមខ្មែរ ហាមីលតុន-ភ្នំពេញ

សមាគមខ្មែរទាំង៧បានសរសេរថា៖ «ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៉ី ដែលបានផ្សព្វផ្សាយជាសាធារណៈ តាមវិទ្យុអាស៊ីសេរី ដូចបានលើកឡើងខាងលើ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ ព្រះចេស្ដាអង្គព្រះមហាក្សត្រ ដែលទង្វើនេះបានប្រព្រឹត្តម្តងហើយម្តងទៀត យ៉ាងគឃ្លីន ដែលសរបញ្ជាក់អោយឃើញថា ទណ្ឌិតរូបនេះជាអ្នកនយោបាយមានចរិតពាល មិនគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ»។

សេចក្តីថ្លែងការណ៍បានបន្តថា៖ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” ។ មាត្រា៨ បានចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។

សមាគមខ្មែរទាំង៧ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការ តាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី ដែលបានរំលោភបំពានដ៏ធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដែលកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជាម្លប់ត្រជាក់របស់ប្រជារាស្ត្រខ្មែរដែលកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕