អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ករណីសំណុំរឿងថ្មីរបស់ សម រង្ស៉ី ពាក់ព័ន្ធប្រមាថចំពោះអង្គព្រះមហាក្សត្រ អតិបរមានៃទោស ដាក់ពន្ធនាគារនឹងកើនទ្វេដង ព្រោះជាករណីមិនរាងចាល


(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានលើកឡើងថា ករណីសំណុំរឿងថ្មីនៃបទប្រមាថចំពោះអង្គព្រះមហាក្សត្រ អតិបរមានៃទោសដាក់ពន្ធនាគារចំពោះទណ្ឌិត សម រង្ស៉ឺ នឹងកើនទ្វេដង (១០ឆ្នាំ) ព្រោះជាករណីមិនរាងចាលក្នុងការប្រព្រឹត្តបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ប្រសិនតុលាការរកឃើញទោសកំហុសនេះ។

ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ត្រូវបានតុលាការផ្តន្ទាទោសចំនួន៤ឆ្នាំ រួចម្តងហើយ កាលខែមិថុនា ឆ្នាំ២០១៩ ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ហើយទណ្ឌិតរូបនេះក៏ត្រូវបានរងការចោទប្រកាន់ក្នុងបទល្មើសនេះដដែល នៅខែកញ្ញា ឆ្នាំ២០១៩នេះ។ សរុបជារួមទណ្ឌិត សម រង្ស៉ី មានសំណុំរឿងចំនួន២ ពាក់ព័ន្ធនឹងបទប្រមាថអង្គព្រះមហាក្សត្រ។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា «យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៨៣ មាត្រា៨៨ មាត្រា ៤៣៧ស្ទួន ទណ្ឌិតរូបនេះ ស្ថិតក្នុងភាពមិនរាងចាល នៃការប្រព្រឹត្តបទល្មើស “បទប្រមាថចំពោះអង្គព្រះមហាក្សត្រ” ហេតុនេះអតិបរមានៃទោសដាក់ពន្ធនាគារនឹងកើនឡើងផ្ទេរដង ពី៥ឆ្នាំទៅ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញនូវទោសកំហុសនេះម្តងទៀត!»

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ងរបស់ទ្រង់។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

ពាក់ព័ន្ធនឹងករណីនេះ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ចំពោះករណីប្រមាថអង្គព្រះមហាក្សត្រនេះផងដែរ៕