ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា លោក ព្រាប កុល បានបោះបង់ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល


ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានបោះបង់ ភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាល ក្រោយពីលោកមិនចូលបំភ្លឺ តាមការអញ្ជើញរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

អ្នកនាំពាក្យ ថ្លែងបែបនេះក្រោយពី អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញលិខិតអញ្ជើញលោក ព្រាប កុល ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាចង្អៀត (Closed Door Meeting) ស្ដីពី “ចំណុចស្ដីពីសេចក្ដីសម្រេចចិត្តដ៏សំខាន់ ដែលត្រូវធ្វើសម្រាប់កម្ពុជា (Cambodia’s Crossroads)” ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានមួយឈ្មោះថា Southeast Asia Globe។ក្រោយមក លោក ព្រាប កុល បានឆ្លើយតបវិញថា លោកបានទទួលលិខិតអញ្ជើញពី អង្គភាពអ្នកនាំពាក្យ រួចរាល់ហើយ ក៏ប៉ុន្ដែលោកអត់បានចូលរួម ប្រជុំជាមួយទេ ដោយសារជាប់បេសកកម្មនៅក្រៅប្រទេស។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ក្រោយបញ្ចប់ វគ្គហ្វឹកហ្វឺន អ្នកសារព័ត៌មាន ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា “យើងនឹងអញ្ជើញបន្ដទៀត នៅពេលណាគាត់អញ្ជើញមកវិញ។បើគាត់អត់មក បានន័យសេចក្ដីថា គាត់បោះបង់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល អាហ្នឹងគឺគាត់បោះបង់ អាហ្នឹងហើយ”។

ឯកឧត្តមបន្ដថា លោក ព្រាប កុល បានបោះបង់កិច្ចសហការ ជាមួយរាជរដ្ឋាភិបាល។លោកថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញលោក ព្រាប កុល មកនេះ មិនមែនកាត់ទោស លោកឡើយ គ្រាន់តែពន្យល់លោកថា កម្ពុជាមានការរីកចម្រើនហើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា លោក ព្រាប កុល មិនបានទទួលព័ត៌មាន ពិតប្រាកដ ព្រមទាំងខ្វះខាតព័ត៌មាន ថែមទៀត បានជំរុញឲ្យលោកនិយាយ ប្រាសចាកការពិត ដូច្នេះ អង្គភាពអ្នកនាំពាក្យ អាចចាត់ទុកបានថា ការនិយាយរបស់លោក គឺជាព័ត៌មានប្រឌិត ហើយរាជរដ្ឋាភិបាលមានសិទ្ធិ ដើម្បីការពារផលប្រយោជន៍ពលរដ្ឋ ជាពិសេស ឲ្យពលរដ្ឋទទួល បានព័ត៌មានពិតប្រាកដ៕