បទ​អត្ថាធិប្បាយ​ ៖ រត់ចុះរត់ឡើងវិលក្បុងខ្លួនឯង!


ពាក្យ​បុ​រា​ណ​ពោល​ថា​ «យី​អ៊ុន​ដាក់​ អា​រក្ស​ជាន់​» ។ សម្រាប់​ សម​ រង្ស៊ី​ មក​ដល់​ស្ថានភាព​បច្ចុប្បន្ន​​នេះ​គឺ​ដូច​ពាក្យ​បុរាណ​ខាង​លើ​ខ្លាំង​ណាស់​។​ នេះ​ប្រហែល​មក​ពី​ភាព​បរាជ័យ​ផ្ទួនៗ​គ្រប់​ច្រក​​លើ​ផ្លូវ​នៃ​ជី​វិត​ន​យោ​បាយ​ចុង​ក្រោយ​ផង​ និង​វ័យ​កាន់​តែ​ចាស់​របស់​គាត់​ផង​ ដែល​ជម្រុញ​ឱ្យ​គាត់​និយាយ​លែង​ដឹង​ខុស​ត្រូ​វ​ និ​យាយ​ច្រើន​កាន់​តែ​ខុស​ច្រើ​ន​ កាន់​តែ​បាត់​បង់​ការ​ទុក​ចិត្ត​ និង​ការ​គាំ​ទ្រ​​ពី​អ្នក​​នៅ​ជុំ​វិញ​ខ្លួន​ និង​ពី​ប​រ​ទេ​ស​ដែ​ល​ចង់​ជួយ​ពី​ក្រោ​យ​ឆាក​ថែ​ម​ទៀ​ត​។​

និយា​យ​តាម​ត្រង់​ទៅ​ចុះ​ សម​ រ​ង្ស៊ី​ ធ្វើ​នយោបាយ​គ្មាន​ផែន​ការ​និង​គោល​ការណ៍​គ្រឹះជាក់​លាក់​ជា​​លក្ខណៈ​យូរ​អ​ង្វែ​ង​នោះ​ទេ​ នឹ​ក​ឃើ​ញ​អ្វី​ធ្វើ​ក៏​ធ្វើ​ភ្លាម​មួ​យ​ឆា​វ​ដូ​ច​ភ្លើ​ង​ចំ​បើ​ង​ គ្មាន​ស្តាប់​ម​តិ​​ឬ​​យោ​ប​ល់​ ឬ​ពិ​ភា​ក្សា​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួ​ន​នោះ​ឡើយ​។ ជាក់​ស្តែង​ នា​ពេល​កន្ល​ង​ម​ក​ សម​ រ​ង្ស៊ី​ បាន​បង្កើត​នូវ​កំហុស​ឆ្គង​ខាង​នយោ​បាយ​ជា​ច្រើន​លើក​ច្រើ​ន​សារ​រា​ប់​មិន​អស់ ​ដែលទី​បំផុត​​ធ្វើ​​ឱ្យ​​គណ​បក្ស​​គា​ត់​ត្រូវ​រលាយ​ទាំង​ស្រុង​​ ក្នុង​នោះ​មាន​ដូ​ច​ជា៖

ទី១ ​ការ​ចូល​រួម​ធ្វើ​វិ​សោធ​ន​ក​ម្ម​រដ្ឋ​ធម្មនុ​ញ្ញពី​២/៣​មក​៥០​បូក​១​ ដែល​​អនុ​ញ្ញា​ត​ផ្តល់​លទ្ធ​ភាព​ឱ្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​របស់​លោក ហ៊ុន សែន ឈ្នះ​ការ​បោះ​ឆ្នោ​ត​រហូត​មក​ដល់​ពេល​នេះ​។

ទី២ ​ការ​​សម្រេច​​ក្នុង​​ការ​​សុំ​លាលែង​ពី​មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ដោយ​ទាន់​ហន្តទាំង​ទំនើង​ចិត្ត ​​ដែ​ល​ជា​ការ​ផ្តល់​អំ​ណាច​ដល់​ក្រុម​ កឹម​ សុ​ខា​ គ្រប់​គ្រង​បក្ស​ទាំង​ស្រុង​ ហើយ​ទី​បំផុត​ក៏​រៀប​ចំ​បក្ស​ប្រ​ហារ​ដណ្តើម​អំណាច​ឡើ​ង​ធ្វើ​ជា​ប្រ​ធាន​ស្តី​ទី​បក្ស​វិញ​ទាំង​កំរោ​ល​តាម​ចិត្ត​ចង់​ ទោះ​បី​មិន​ស្រប​តាម​លក្ខ​ន្តិ​កៈ​បក្ស​ក្តី​។​

ទី​៣ ការ​បំផ្លាញ​ចោល​ដោយ​ខ្លួន​ឯង​នូវ​វប្បធម៌​សន្ទនា​ដោយ​ប្រើ​ល្បិច​ចាប់​ដៃ​ហើយ​ជាន់​ជើង​លោក ហ៊ុន សែន​ ដែល​ធ្វើ​ឱ្យ​ដៃ​គូ​សន្ទនា​មិន​អាច​ទទួល​​យក​​​បាន​ តាម​រយៈពាក្យ​វាយ​​ប្រហារ​ «បើ​ចង់​ចាប់​ចោរ​ ទាល់​តែ​ចូល​ទៅ​ឱ្យ​កៀក​ចោរ​» ដែល​សម្តី​នេះ​គឺ​ជាការ​មើល​ងាយ​ដល់​ដៃ​គូ​សន្ទនា​ដែល​មិ​ន​អាច​អត់​ឱន​ឱ្យ​បាន​តទៅ​ទៀត​។​

ទី​៤​ ទង្វើ​ក្បត់​ជាតិ​ក្នុង​ការ​លប​លួច​ចុះ​ហត្ថ​លេខា​កាត់​ទឹក​ដីខ្មែរ​បួន​ខេត្ត​នៅ​ភាគ​ឥសាន្ត​ទៅ​ឱ្យ​មេដឹកនាំ​យួន​ដេហ្គា​ ដើ​ម្បី​ខ្លួន​បាន​ឡើ​ង​​កាន់​​អំណា​ច​​​ដែល​ជា​​​ទង្វើ​ជ្រុល​និយម​ក្បត់​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់​ធ្ងរ​ រួម​នឹង​នយោបាយ​បោក​ប្រាស់​ ភូត​កុហកជាច្រើន​ទៀត​។ល។​ ថ្មីៗ​នេះ​ទៀត​​​ សម រង្ស៊ី​ ថ្លើម​ធំ​ហ៊ាន​គ្រឡាស់​អណ្តាត​ប្រមាថ​អង្គ​ព្រះមហាក្ស​ត្រ​យ៉ាង​ងងើលនូវ​សម្តី​ដ៏​អសុរស​​​ដោយ​មិន​ប្រមាណ​ខ្លួនទាល់​តែសោះ​។​​​​ កំហុស​ឆ្គង​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ សម រង្ស៊ី​ បាត់​បង់​អស់​​នូវជំនឿពី​អ្នក​ដែល​ធ្លាប់គាំទ្រ​​​ និងបាត់​បង់​នូវ​​​តម្លៃ​ក្នុង​ភាព​ជាអ្នក​​​ដឹក​​នាំ​ និយាយ​ថ្លែង​សារ​របៀប​ដូច​​មនុស្ស​​វិកលចរិត​ដូច្នោះ​ដែរ​។​​

នៅរយៈពេលចុងក្រោយនេះ​គេឃើ​ញ សម​ រង្ស៊ី​ និង​គូ​ក​ន​ រ​ត់​ឆ្លេ​ឆ្លា​ៗ​កាន់​តែ​ខ្លាំង​ ម្តង​ទៅ​អង្វរ​អឺរ៉ុប​ឱ្យ​កាត់​ E​B​A​ ម្តង​រត់​ទៅ​អា​មេ​រិក​ឱ្យ​ដ​ក​ G​S​P​ ម្តង​សុំ​ឱ្យ​ធ្វើ​ច្បា​ប់​ HR​ ដាក់​សម្ពាធ​លើ​រដ្ឋា​ភិ​បាល​លោក​ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែ​ន​ ចំណែក​ខ្លះ​ទៀ​ត​រត់​ទៅ​ធ្វើ​បាតុ​ក​ម្ម​នៅ​ជប៉ុ​ន​ នៅ​កូ​រ៉េ​ នៅ​អូស្ត្រាលី​។​ល​។​ ទន្ទឹង​នឹង​សកម្មភាព​ឆ្លេឆ្លានេះ​​ សម​ រ​ង្ស៊ី​ បែរជាលួច​​​សរ​សេរ​សំ​បុត្រ​ទៅ​សុំ​អង្វរ​ឡើង​ទន់​ឆ្អឹង​ចំពោះ​នាយ​ករ​ដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី​ លោក​ ម​ហា​ធា​ ម​ហា​មេ​ដ​ ដែល​ទើប​មក​ធ្វើ​ទ​ស្សនៈ​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ ឱ្យ​លោក​​​ជួយ​​សម្រប​សម្រួល​ឱ្យ​មាន​កិច្ច​ចរ​ចា​ស​ម្រាប់​ខ្លួន​ទៅ​វិញ​ ប៉ុន្តែ​ខ្លឹម​សារ​នៃ​សំបុត្រ​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ ហើយ​ពុំ​មាន​ការ​ឆ្លើយ​តប​អ្វី​ពីលោក​​នា​យក​​រដ្ឋ​​មន្ត្រី​​ម៉ាឡេ​ស៊ី​​នោះ​​ទេ​​ ព្រោះ​​សំបុ​ត្រ​​នោះ​​បា​ន​ធ្លាក់​​ចូល​​ទៅ​​ក្នុង​​ធុង​​សំរាម​​បាត់​​ទៅ​​ហើ​យ​​​។ និ​យាយ​ឱ្យ​ចំ​ពេ​ល​នេះ​​ សម​ រង្ស៊ី​ និង​គូ​កន​របស់​គាត់​ គឺ​ប្រឹង​រត់​ចុះ​រត់​ឡើង​​វិល​​ក្បុង​​ខ្លួន​​ឯ​​ង​ចង់​​ឡប់​​ស​តិ​​ទៅ​​ហើយ​។ សម្រែក​ក្នុង​ហ្វេសប៊ុក​ ស្រែក​ថា​នឹង​ចូល​ទៅ​ចាប់​លោក ហ៊ុន សែន ប៉ុន្តែនៅ​ពី​ក្រោយ​ឆាក​លួច​សរសេរ​សំបុត្រ​ឱ្យ​ប្រទេស​នានា​ជួយ​សម្រប​ស្រួល​ឱ្យ​មាន​កិច្ច​ចរចា​ តើ​យក​អ្វី​មក​ធ្វើ​ជាទម្ងន់​ដាក់​នៅ​លើ​តុ​ដើម្បី​ជជែក​ បើ​សព្វ​ថ្ងៃ​នេះ​គ្មាន​អ្វី​ក្នុង​ខ្លួន​បន្តិច​បែប​នេះ​?​​ចំណែករដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមានដំណើរការជាប្រក្រតី​ ទាំង​និរន្តរភាព​សេដ្ឋ​កិច្ច​ កំណើន​សេដ្ឋ​កិច្ច​ និង​ទំនាក់​ទំនង​ការទូតជាមួយ​បណ្តាប្រទេស​នានា​ក្នុង​ពិភព​លោក​​។

សរុប​មក​​អ្វី​ដែល​ សម រង្ស៊ី​ ធ្លាប់​និយាយ​ថា​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ វិលក្បុង​នោះ​ ធាតុ​​ពិត​គឺ​ សម រង្ស៊ី​ ខ្លួន​ឯង និង​គូកន​បួន​​នោះ​​ទេ​ដែល​កំពុង​វិល​ក្បុង​នឹង​សំណាញ់​ច្បាប់​ទាំង​នៅ​តុលាការ​កម្ពុជា​​​ពី​បទក្បត់​ជាតិ​ បទ​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​ និងនៅ​តុ​លា​ការ​​បារាំង​ពី​បទ​​បរិហា​រ​កេរ្តិ៍​ដែល​កំពុង​រុំខ្លួន​ប្រាណ និង​​​​ខួរក្បាល​​ទណ្ឌិត​​រូប​​នេះ​​ហើយ​អាចនឹង​ធ្វើ​ឱ្យ​គាត់​​​ក្លាយ​​ទៅ​​ជា​មនុស្ស​​វិ​កលច​រិ​ត​​ក្នុង​ពេល​អនាគត​ជាមិន​ខាន​៕​​

ដោយ​៖ យី វិត​ (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប​)