អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែរ ទៅកាន់រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីពន្លឿនការកសាងឱ្យសម្រេចទៅតាមការគ្រោងទុក


ប៉ៃលិន៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែរ ទទឹង ២០ម៉ែត្រ ប្រវែងជាង ៧គីឡូម៉ែត្រ ទៅកាន់រម្មណីយ៍ទឹកធ្លាក់ ៧ជាន់ អូរតាវ៉ៅ ព្រមទាំងដោះស្រាយផលប៉ះពាល់ ដើម្បីបើកផ្លូវឱ្យទូលាយ និងសម្រេចការកសាងទៅតាមផែនការ ដែលបានគ្រោងទុក ក្នុងការផ្តល់សេវាឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលជាកត្តាជួយជំរុញកំណើនភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៧ជាន់ ហើយមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។