លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់ ១០ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា BIDC និងបណ្តាអង្គភាពពាណិជ្ជកម្ម BIDV ប្រចាំនៅប្រទេសព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ថ្ងៃព្រហស្បត្តិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងកោតសសើរចំពោះលទ្ធផលដ៏គួរឲ្យកត់សំគាល់ របស់ធនាគារ BIDC និងបណ្តាអង្គភាពពាណិជ្ជកម្ម BIDV ក្នុងរយៈ១០ឆ្នាំ ចំពោះដំណើរការសកម្មភាពរបស់ខ្លួន ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញអំពីជំហរដ៏រឹងមាំនៅលើទីផ្សារកម្ពុជា ដោយបានអនុវត្តបានយ៉ាងល្អលើសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយស្ថិរភាព ។
លោកជំទាវបានបន្តទៀតថា កន្លងមកធនាគារ BIDC/BIDV តែងតែយកចិត្តទុកដាក់ រួមចំណែកដល់ការជួយឧបត្ថម្ភគាំទ្រ ដល់វិស័យសង្គមកិច្ច មនុស្សធម៌ សុខាភិបាល អប់រំបណ្តុះបណ្តាល លុបបំបាត់ភាពក្រីក្រ អភិវឌ្ឍន៍ជនបទ ដូចជា ផ្តល់ថវិកាសាងសង់សាលារៀន ជួយឧបត្ថម្ភពេលមានគ្រោះធម្មជាតិ ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ជួយដល់ប្រជាជនក្រីក្រនៅកម្ពុជា ។ល។ លទ្ធផលសកម្មភាពទាំងអស់នោះ បង្ហាញពីស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាក្នុងដំណើរការសកម្មភាពអាជីវកម្ម ផ្សារភ្ជាប់ជាមួយភាពទទួលខុសត្រូវសង្គម និងផ្សារភ្ជាប់បន្ថែមទៀតចំពោះទំនាក់ទំនងដ៏កាន់តែរឹងមាំរវាងប្រទេសជាតិទាំងពីរ កម្ពុជា និងវៀតណាម និងបានរួមចំណែកជួយជ្រោមជ្រែង និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។
លោកជំទាវក៏បានស្នើឲ្យធនាគារ BIDC/BIDV បន្តកិច្ចប្រឹងប្រែង និងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាជន បង្កើនទំហំអាជីវកម្ម បន្តជួយជ្រោមជ្រែងដល់ការងារមនុស្សធម៌នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕