ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជករខេត្តសានសុី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Hou Shejiao លេខាបក្សនៃការិយាល័យកម្មសិទ្ធិបញ្ញាខេត្ត Shaanxi ប្រធានប្រតិភូ ប្រតិភូអមដំណើរ និងមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត សរុបចំនួន ៣០នាក់។
លោកស្រី យូ សុភា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ផ្អែកលើគោលនយោបាយផ្លូវមួយ ខ្សែរក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់រីកចម្រេីនឥតឈប់ឈរ និងផ្ដើមចេញពីគោលនយោបាយនឹងភាពជោគជ័យដែលយើងទទួលបាននាពេលនេះ ចាត់ទុកថា មានការលូតលាស់ខ្លាំង ក្រោមគោលនយោបាយ នៃប្រទេសទាំងពីរ ខេត្តរបស់យើងទទួលអ្នកវិនិយោគគិនមកពីប្រទេសចិន ដែលកំពុងវិនិយោគ ដេីម្បីអភិវឌ្ឍន៍នៅខេត្តសៀមរាប ហើយប្រជាជនខេត្តសៀមរាប ទទួលបានផលផ្លែផ្កាដូចគ្នា ដូច្នេះសមាគមពាណិជ្ជករខេត្តសានស៊ី និងរដ្ឋបាលខេត្តសៀមរាប រួមគ្នាដើម្បីភាពថ្កុងថ្កើងរុងរឿងទាំងអស់គ្នា ។
លោក Hou Shejiao ប្រធានប្រតិភូសមាគមណិជ្ជករចិនខេត្តសានសុី បានលើកឡើងថា ការបង្កើតសមាគមពាណិជ្ជករខេត្តសានសុី ផ្ដោតលើចក្ខុវិស័យសម្រាប់ក្រុមហ៊ុន និងអាជីវកម្មរបស់ខេត្តសានស៊ីនៅតាមណ្ដារប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ សមាគមពាណិជ្ជករខេត្តសានសុី បានបង្កើតឡើងក្នុងគោលបំណងពង្រឹងសាមគ្គីរបស់សហគ្រិន និងសហគ្រាសខេត្តសានស៊ីនៅក្នុងប្រទេសកម្ពុជា ។ នេះជាប្រវត្តិសាស្ត្រ សម្រាប់សភាពាណិជ្ជករសានស៊ីនៅកម្ពុជា ក្នុងនោះខេត្តសៀមរាបដែលមានសហគ្រាស និងបងប្អូនខេត្តសានស៊ីជាច្រើនបង្កើតជាគ្រួសារថ្មី ។ សមាគមសភាពាណិជ្ជករសានស៊ី ប្រកាន់ភ្ជាប់នូវគោល នយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយ សាមគ្គីជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍បងប្អូនសានស៊ី ក្នុងខេត្តសៀមរាប។
លោកស្រីអភិបាលរងខេត្ត ក៏បានស្នើសុំលោកប្រធានគណៈប្រតិភូសមាគមពាណិជ្ជករ មានកិច្ចសហការល្អថែមទៀត ដេីម្បីជំរុញអ្នកវិនិយោគខេត្តសានស៊ីអនុវត្តតាមច្បាប់ នៃកម្ពុជា ទោះកម្ពុជា ជាលំនៅដ្ឋានទី២ របស់ពាណិជ្ជករក៏ដោយ តែយើងបានរស់នៅលើទឹកដីតែមួយជាមួយគ្នា យើងធ្វើសកម្មភាពនៅកន្លែងតែមួយជាមួយគ្នា ចាំបាច់មានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឱ្យបានល្អ ទាំងផ្នែកច្បាប់ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចែករំលែកឱ្យមានប្រសិទ្ធភាព ។ លោកស្រីបានបន្តថា ពិតជាចាំបាច់ក្នុងការផ្សព្វផ្សាយ ចែករំលែកនូវអ្វីដែលប្រជាជនខេត្តសៀមរាបមាន ជូនទៅដល់បងប្អូនអ្នកវិនិយោគិនមកពីខេត្តសានស៊ី លេីគ្រប់វិស័យ ដូចជា អប់រំ ថាមពលសុខាភិបាល វប្បធម៌ និងប្រពៃណីអ្វីដែលខ្លួនមាន ដល់ប្រជាជនខេត្តសៀមរាប បានដឹង បានយល់ និងមានការយោគយល់ពីគ្នាទៅវិញទៅមក យើងពិតជាអាចរស់នៅក្នុងសហគមន៍មួយដែលមានភាពសុខដុមរមណី ចាំបាច់ត្រូវធ្វើការចែករំលែកទាំងការងារសន្តិសុខ ការងារអភិវឌ្ឍន៍ ការងារមនុស្សធម៌ យើងជឿជាក់ថា សមាគមពាណិជ្ជករខេត្តសានស៊ីនឹងផ្ដល់ក្តីស្រឡាញ់ដល់ប្រជាជនខេត្តសៀមរាប និងកសាងភាពរុងរឿងនៅលើទឹកដីខេត្តប្រវត្តិសាស្ត្រមួយនេះក្នុងគោលដៅយូរអង្វែង ប្រកបដោយចីរភាព ៕