សិក្ខា​សាលា​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ ​ឯកសារ​គោលការណ៍​ណែនាំ​អនុវត្ត​ការ​គ្រប់គ្រង​សាលារៀន​សម្រាប់​មត្តេយ្យសិក្សា​សាធារណៈ


រាជធានី​ភ្នំពេញ៖ សិក្ខា​សាលា​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​ឯកសារ​គោលការណ៍​ណែនាំ​អនុវត្ត​ការ​គ្រប់គ្រង​សាលារៀន​សម្រាប់​មត្តេយ្យសិក្សា​សាធារណៈ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​អនុវត្ត​ការ​ធ្វើ​​កំណែ​ទម្រង់​ការ​គ្រប់គ្រង​សាលារៀន និង​សិក្សា​ពី​គោល​គំនិត​នៃ​ការ​គ្រប់គ្រង​តាម​សាលា​រៀន និង​ការ​អនុវត្ត។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​រដ្ឋលេខាធិការ ​បាន​គូស​បញ្ជាក់​ថា ការ​គ្រប់គ្រង​សាលា​រៀន ជា​របៀបវារៈ​មួយ ក្នុង​ចំណោម​របៀបវារៈ​អាទិភាព​​សម្រាប់​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ។ លោក​ជំទាវ​បាន​បន្ថែម​ថា ផែនការ​យុទ្ធសាស្ត្រ​ ២០១៩-២០២៣ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​គុណធម៌ ធ្វើ​យ៉ាង​ណា​ដឹកនាំ​សង្គម​កម្ពុជា​ប្រកប​ដោយ​ពុទ្ធិ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ជំទាវ​ក៏​បាន​ថ្លែង​អំណរ​គុណ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​នាយកដ្ឋាន​ជំនាញ ​អ្នក​ទទួល​បន្ទុក​កិច្ចការ​កុមារ​តូច ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អាជ្ញាធរ អ្នក​ពាក់ព័ន្ធ និង​មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​ពិភពលោក ដែល​បាន​រួម​សហការ​គ្នា ដើម្បី​ចង​ក្រង​​ឯកសារ​គោលការណ៍​ទី១ ស្ដីពី​ការ​​ណែនាំ​អនុវត្ត​ការ​គ្រប់គ្រង​សាលារៀន​សម្រាប់​មត្តេយ្យ​សិក្សា​​សាធារណៈ ព្រម​ទាំង​​រៀប​ចំ​សិក្ខា​សាលា​នេះ​ឡើង​។ សូម​ជម្រាប​ថា កម្មវិធី​នេះ មាន​ការ​ចូលរួម​ពី​តំណាង​អង្គភាព​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ថ្នាក់​ដឹកនាំ​ និង​មន្ត្រី អប់រំ​កុមារ​តូច ថ្នាក់​រាជធានី ខេត្ត និង​តំណាង​ដៃគូ​ពាក់ព័ន្ធ៕

១ តុលា ២០១៩ | សាលាមធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម រាជធានី​ភ្នំពេញ