លិខិតមិត្តអ្នកអាន៖ បុណ្យភ្ជុំបិណ្ឌ២០១៩ បង្ហាញថា ពលរដ្ឋខ្មែររីករាយសាទរគាំទ្រសន្តិភាព និងជាបណ្តាសារចំពោះទណ្ឌិត សម រង្ស៊ី


ពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែចប់ទៅនេះគឺជា វិញ្ញាសារដ៏សំខាន់ និងជាក់ស្តែងបំផុតមួយទៀត សម្រាប់វាស់ស្ទង់ទឹកចិត្តសប្បាយរីករាយប្រកបដោយអំណរសាទរយ៉ាងក្រៃលែងរបស់ប្រជាពលរដ្ឋខ្មែរចំពោះសមិទ្ធផលដែលពួកគេទទួលបាន។

នៅតាមទីរមណីយដ្ឋានទាំងឡាយ ទាំងតូចទាំងធំ ទាំងចាស់ទាំងថ្មី សុទ្ធតែមានមនុស្សទៅកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ អ្នកខ្លះអង្គុយហូបអាហារជាលក្ខណៈគ្រួសារតាមតូបប្របមាត់ទឹក អ្នកខ្លះអង្គុយដំកង់ក្រោមម្លប់ឈើ អ្នកខ្លះហែលទឹកលេង អ្នកខ្លះដើរមើលប្រាង្គប្រាសាទ អ្នកខ្លះជក់ចិត្តជាមួយព្រៃព្រឹក្សា ខណៈដែលអ្នកខ្លះទៀតដែលមិនសូវចូលចិត្តទីដែលមានមនុស្សច្រើនក៏ជួបជុំបងប្អូន មិត្តភ័ក្តិនៅ នឹងផ្ទះតែម្តង។ ក៏មានមនុស្សជាច្រើនដែរដែលជក់ចិត្តដិតអារម្មណ៍ជាមួយទិដ្ឋភាពស្រុកស្រែចំការដ៏ស្រស់ស្អាតនារដូវវស្សា។

អ្វីជាការកត់សម្គាល់ គឺឆ្នាំនេះពិធីបុណ្យភ្ជុំបិណ្ឌមានសភាពអ៊ូអរខ្លាំងជាងឆ្នាំមុនៗ។ ជាក់ស្តែង នៅតាមទីរមណីយដ្ឋានទាំងឡាយ ការកកស្ទះចរាចរណ៍កើតមានគ្រប់ទិសទី។ គេត្រូវប្រើពេលច្រើនម៉ោងទម្រាំចូលដល់គោលដៅ។ នៅតាមច្រកចេញចូលរាជធានី មានការកកស្ទះយ៉ាងខ្លាំងបន្តកន្ទុយរាប់សិបគីឡូម៉ែត្រទាំងនៅមុនថ្ងៃភ្ជុំ និងក្រោយបញ្ចប់បុណ្យភ្ជុំ ដែលមនុស្សម្នានាំគ្នាចេញពីក្រុង និងសម្រុកត្រឡប់ចូលក្រុងវិញ។

នៅតាមទីជនបទឯណោះវិញ ការជួបជុំមានសភាពកាន់តែអធិកអធមដោយគេលឺសូរតែសំឡេងស្រែកច្រៀងហោកញ្ចៀវយ៉ាងកងរំពងពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយទៀត រហូតដល់អ្នកខ្លះលាន់មាត់ថា «ភូមិខ្ញុំឥឡូវសម្បូរតារាចម្រៀងណាស់» ពីព្រោះតែម្នាក់ៗ សុទ្ធតែចេះច្រៀងខារ៉ាអូខេសឹងគ្រប់ៗគ្នា។ ជាមួយបច្ចេកវិទ្យាថ្មី និងទំនើបហើយឧបករណ៍កាន់តែទាន់សម័យនិងតម្លៃសមរម្យគួបផ្សំជាមួយកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែធូរធារជាងមុន ឧបករណ៍ច្រៀងខារ៉ាអូខេមួយឈុតអាចដាក់តាមខ្លួនបានយ៉ាងស្រួលនិងអាចច្រៀងបាននៅគ្រប់ទិសទីដោយប្រើត្រឹមស្មាតហ្វូននិងធុងបាសតូចមួយប៉ុណ្ណោះ។ តើអ្នកណាខ្លះធ្លាប់បានឃើញស្ថានភាពបែបនេះនៅកម្ពុជាកាលពីមុន? ប្រាកដជាគ្មានឡើយ។

អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត បើទោះបីជាការកកស្ទះចរាចរណ៍មានរយៈពេលយូរ ហើយកន្លែងខ្លះមានផ្លូវលិចទឹក ដោយសារជំនន់ទឹកភ្លៀង កន្លែងខ្លះផ្លូវខូចដោយគ្រោះធម្មជាតិ ឬ ផ្លូវកំពុងសាងសង់ ប៉ុន្តែ អ្នកធ្វើដំណើរម្នាក់ៗនៅតែបង្ហាញស្នាមញញឹម និងការអត់ធ្មត់ដោយមិនបណ្តោយឲ្យបញ្ហាតិចតួចទាំងនោះមករារាំងការសប្បាយរបស់ខ្លួនឡើយ។ រីឯការបើកបរទៀតសោតក៏កាន់តែមានសណ្តាប់ធ្នាប់ជាងមុនដែរពោលគឺ អ្នកបើកបរកាន់តែច្រើនសុខចិត្តតម្រង់ជួរតាមគន្លងផ្លូវរបស់ខ្លួនដោយមិនសូវជាមានអ្នកបំពានលើគន្លងផ្លូវម្ខាងទៀតច្រើនដូចកាលពីមុនដែរ។
ទិដ្ឋភាពទាំងនេះពិតជាសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាកាន់តែក្លាយជាទីកន្លែងដ៏សុខសាន្តសម្រាប់ពលរដ្ឋរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។ មិនត្រឹមតែមានជីវភាព​កើនឡើង មានយានយន្តល្អ និងច្រើនជាងមុន ឬក៏មានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរជាងមុននោះឡើយ ប៉ុន្តែ ការបណ្តុះស្មារតីគោរពច្បាប់និងចេះអត់ឱនឲ្យគ្នាក៏កាន់តែរីកចម្រើនជាងមុនគួរឲ្យកត់សម្គាល់ដែរ។

សំឡេងព្រះធម៌ចេញពីទីវត្តអារាម សំឡេងចម្រៀងបុណ្យភ្ជុំបិណ្ឌចេញពីវិទ្យុ ទូរទស្សន៍ ពីទូរស័ព្ទដៃ ឬពីរថយន្ត បានលាន់លឺរងំគួរជាទីមនោរម្យ។ នេះមិនទាន់រាប់ពលរដ្ឋខ្មែរជាច្រើនទៀត ដែលចេញទៅកម្សាន្តនៅក្រៅប្រទេសផងនោះទេ។ ក៏មានដែរអ្នកដែលធ្លាប់ចេញទៅកម្សាន្តក្រៅប្រទេសញឹកញាប់ខ្លះបានអះអាងថា ពួកគេបែរមកជក់ចិត្តនឹងទិដ្ឋភាពប្លែកៗនៅស្រុកស្រែ តំបន់ភ្នំ ឬក៏ទីរមណីយដ្ឋានក្នុងស្រុកវិញពីព្រោះការចាកចេញទៅស្រុកក្រៅក៏ហាក់គ្មានអ្វីប្លែកជាងស្រុកខ្មែរប៉ុន្មានឡើយ។

ក្តីសប្បាយរីករាយដែលបង្កប់ ដោយជំនឿចិត្តយ៉ាងរឹងមាំលើ សន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសក៏ដូចជាការរីកចម្រើន នៃជីវភាពគ្រួសារបានបង្ហាញ យ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ពលរដ្ឋខ្មែរគ្រប់ៗគ្នាក្នុងឪកាស បុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ។ តើមានពលរដ្ឋខ្មែររូបណាដែល ប្រាថ្នាចង់ឃើញពិធីបុណ្យភ្ជុំ បិណ្ឌ បុណ្យចូលឆ្នាំ បុណ្យឯករាជជាតិ ឬបុណ្យអុំទូកប្រែ ក្លាយជាវឹកវរ ហិង្សា ចលាចល បង្ហូរឈាមទៅតាមផែនការរដ្ឋប្រហាររបស់ក្រុមអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចនោះ? ចម្លើយប្រាកដជាគ្មានឡើយ។

ខុសពីប្រជាពលរដ្ឋខ្មែរទូទាំង នគរដែលកំពុងត្រេកអរសាទរ និងគាំទ្រសន្តិភាព និងភាពសុខ សាន្តដែលពួកគេទទួលបានផលគ្រប់ៗគ្នា មានក្រុមនយោបាយវង្វេងជាតិមួយក្រុមដឹកនាំដោយលោក សម រង្ស៊ីបែរជាមិនស្គាល់បុណ្យបាប ហើយបានប្រើ ប្រាស់ឱកាសបុណ្យប្រពៃណី សាសនាដ៏សប្បាយរីករាយជ្រះថ្លានេះដើម្បីញុះញង់ បំបែកបំបាក់ជាតិតាមផែនការ រដ្ឋប្រហារដ៏ខ្មៅងងឹតរបស់ខ្លួន ដោយឥតអៀនខ្មាសនិងមិនខ្លាចចុះនរកឡើយ។ ទោះជាយ៉ាងណា ផែនការរដ្ឋប្រហារទាំងទទឹងទិសនេះគឺពិតជាមិនទទួលបាននូវការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនោះដែរព្រោះលើការជាក់ស្តែង ទិដ្ឋភាពនៃពិធីបុណ្យភ្ជុំបិណ្ឌដូចបានរៀប រាប់ខាងដើម នេះ ពិតជាបានបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរទូទាំងនគរនៅតែបន្តអោយតំលៃខ្ពស់បំផុតនិងនៅតែឈរខាងសន្តិភាពដើម្បីរក្សាការពារនូវភាព សុខសាន្តនិងការអភិវឌ្ឍន៍សង្គមគ្រួសាររបស់គេមិនឲ្យបាត់បង់ទៅវីញឡើយ។ នេះជាភស្តុតាង និងសញ្ញាប្រាកដប្រជាដែលចង្អុលបង្ហាញនូវបរាជ័យយ៉ាងជូរចត់មួយទៀតរបស់ក្រុមអ្នក នយោបាយដែលកំពុងអនុវត្តផែនការរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរដ្ឋាភិបាលក្រុងភ្នំពេញ។

ខ្ញុំយល់ថា លោកសម រង្ស៊ី និងគូកនគាត់គួរតែភ្លឺភ្នែកហើយចំពោះការបរាជ័យជាបន្តបន្ទាប់ដែលខ្លួនប៉ុនប៉ងធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បរាជ័យធំបំផុតទី១ គឺ ភាពស្ងៀមស្ងាត់របស់ពលរដ្ឋខ្មែរនៅពេលដែលតុលាការកំពូលសម្រេចរំលាយគណបក្សប្រឆាំងកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧។ ការស្ងប់ស្ងៀមនេះពិតជាបានបញ្ជាក់ថា ពួកគេយល់ច្បាស់អំពីគ្រោះថ្នាក់នៃនយោបាយបម្រើបរទេស យកបរទេសធ្វើចៅហ្វាយ ហើយបែរមកចង់បំផ្លាញសេចក្តីសុខរបស់ជាតិខ្លួនឯងដោយយកពលរដ្ឋខ្លួនធ្វើជាឈ្នាន់ទៅវិញ។ ហេតុនេះហើយបានជាពលរដ្ឋទូទាំងប្រទេសរាប់បញ្ចូលទាំងសកម្មជន និងអ្នកជឿលើបក្សប្រឆាំងងាកមកគាំទ្រសាលដីការរបស់តុលាការកំពូលហើយគ្មានអ្នកណាអើពើនឹងការរំលាយចោលបក្សនយោបាយដែលគេយល់ថាជាអាយ៉ងបរទេសនេះឡើយ។

បរាជ័យធំទី២របស់ទណ្ឌិត សម រង្ស៊ី គឺ ការប្រកាសធ្វើយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» នៅពេលបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ មានពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតដល់ទៅជាង ៨៣% បាននាំគ្នាចេញទៅបោះឆ្នោត និងបានផ្តល់ជ័យជំនៈភ្លូក ទឹកភ្លូកដីដល់គណបក្សដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកឈរយ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ពលរដ្ឋ។

បរាជ័យធំទី៣របស់ទណ្ឌិត សម រង្ស៊ី គឺ ផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលតាមរយៈការញុះញង់ឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែ ផែនការបោកប្រាស់ដោយប្រើប្រាស់ពលរដ្ឋឲ្យស្លាប់ជំនួសខ្លួនពិតជាបានជួបបរាជ័យជាថ្មី។ ម្តងនេះគឺជាបរាជ័យចុងក្រោយដែលនឹងឈានទៅរកភាពសាបសូន្យទាំងស្រុងនៃចលនានយោបាយឧទ្ទាមក្រៅច្បាប់នៅកម្ពុជា។ ទាំងពលរដ្ឋខ្មែរ ទាំងអង្គការសង្គមស៊ីវិល ទាំងសហគមន៍អន្តរជាតិ និងពិសេសអង្គការសហប្រជាជាតិតាមរយៈសំឡេងរបស់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានថ្លែងប្រាប់អង្គការសហប្រជាជាតិជាឧឡារឹកថា លោកស្រីមិនគាំទ្រនយោបាយញុះញង់ធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី ឡើយ ពីព្រោះជានយោបាយមិនសមស្រប និងមិនមែនជាដំណោះស្រាយឡើយ។

ដូច្នេះ កត្តាបរាជ័យទាំងអស់នេះបូករួមនឹងការចូលរួមរបស់ប្រជាពលរដ្ធទូទាំងប្រទេសអបអរសាទរសប្បាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ គឺពិតជាបណ្តាសារចំពោះលោក សម រង្ស៊ី និងគូកនយ៉ាងពិតប្រាកដ៕

ដោយ : អ្នកតាមដាននយោបាយតុកាហ្វេ