រដ្ឋាភិបាលជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «អភិវឌ្ឍន៍ប្រព័ន្ធ បង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ»


រដ្ឋាភិបាលជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនពីរប៊ីលានប្រាំពីររយចិតសិបប្រាំពីរលានយ៉េនសម្រាប់អនុវត្តគម្រោង «អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ»ដើម្បីរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាអោយដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួនពីរប៊ីលានប្រាំពីររយចិតសិបប្រាំពីរលានយ៉េន (¥២.៧៧៧.០០០.០០០) សម្រាប់អនុវត្តគម្រោង «អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ» ដែលនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង ៩:៣០ នាទី ព្រឹក ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ។

សូមបញ្ជាក់ថា តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯងភាគខាងត្បូងរាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕