ពិធីបើកការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ អបអរសាទរ ទិវា គ្រូបង្រៀន ៥ តុលា ២០១៩


រាជធានីភ្នំពេញ៖ កម្មវិធីប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ត្រូវបានរៀបចំដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០១៩ ក្រោមប្រធានបទ “គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃ យុគសម័យឌីជីថល” ក៏ដូចជាការដឹងគុណដល់គ្រូបង្រៀនទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្តក្នុងការបង្ហាត់បង្រៀនសិស្ស ប្រកបដោយទំនួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ដែលពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅអគាររដ្ឋបាលក្រសួង។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ប្រធានបទសម្រាប់អបអរសាទរទិវាគ្រូបង្រៀនក្នុងឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយប្រធានបទ “គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល” នឹងក្លាយជាប្រធានបទសម្រាប់កិច្ចពិភាក្សាក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៩-២០២០ ដោយសូម្បីតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រសួងធ្វើការពង្រីកសាលារៀនជំនាន់ថ្មី ដែលសាលារៀនជំនាន់ថ្មី នឹងផ្តល់ការសិក្សាអប់រំតាមបែបឌីជីថល ដោយបានបង្រៀនតាមបច្ចេកវិទ្យា វិធីសាស្ត្របង្រៀនបែបថ្មី ការបង្រៀនសិស្សឲ្យចេះពិចារណា ដោះស្រាយបញ្ហា ហើយឆ្លើយតបនឹងការអប់រំសម័យថ្មីនេះ។