អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ក្រុមគ្រូពេទ្យអន្ដរទ្វីប បន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងខេត្តបន្តទៀត


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្នើដល់ក្រុមគ្រូពេទ្យអន្តរទ្វី (PAC) បន្តបេសកកម្ម មិនថាឆ្នាំនេះ ឬឆ្នាំបន្ទាប់ ដើម្បីចូលរួមចំណែកព្យាបាល ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រោះថាពួកគាត់ដែលមកទទួលការព្យាបាលកន្លងទៅ និងដែលមានវ័យលើសពី៥០ឆ្នាំ ភាគច្រើនគឺនៅសេសសល់ពីសម័យសង្គ្រាមដ៏ឃោរឃៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីបិទការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីចាប់ដំណើរ៧ថ្ងៃរួចមកហើយ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ។

ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម រូហ្វីអូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) មកពីបណ្តាប្រទេសអារ៉ាប់ រួមមាន អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី ទុយណេស៊ី, មន្រ្តីមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត និងគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ព្រមទាំងបានការសម្របសម្រួលការងារ ពីក្រុមយុវជនសមាគមសម្ពន្ធយុវជនមុស្លិមកម្ពុជា, សម្ពន្ធយុវជនស្រលាញ់សន្តិភាព, សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តពោធិ៍សាត់ផងដែរ។

តាមរបាយការណ៍ពីលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ផ្ទាល់ និងខេត្តមួយចំនួនទៀត បានមកចូលរួមចុះឈ្មោះទទួលសេវាព្យាបាល រយៈពេល៧ថ្ងៃកន្លងទៅនេះ និងធ្វើការវះកាត់ដោយជោគជ័យ ចំពោះជំងឺធំៗ បានចំនួន១០២ករណី លើ១១ប្រភេទ និងព្យាបាលជំងឺទូទៅ បានចំនួន៦១០នាក់។ ការពិនិត្យ និងព្យាបាលនេះ គឺផ្ដោតសំខាន់ទៅលើផ្នែកវះកាត់ទូទៅ មានដូចជា៖ ដុំគីស សាច់ដុះ សាច់ផ្លែ ឬប្រជ្រុយដុះ និងជំងឺដុំពកផ្សេងៗ ជំងឺក្លន វះកាត់កែសម្ផស្ស រោគស្រ្តីគ្រប់ប្រភេទ ជំងឺកុមារ ទារកដែលមានបញ្ហា ឬពិការអាវៈយវៈ, ជំងឺវេជ្ជសាស្រ្តទូទៅដូចជា៖ ទឹកនោមផ្អែម លើសឈាម និងជំងឺឆ្លងនានាជាដើម។

លោកបានលើកឡើងថា ក្រុមគ្រូពេទ្យដែលព្យាបាលរយៈពេលខ្លី ពេលខ្លះក៏អាចជា តែពេលខ្លះក៏មិនទាន់ជានោះដែរ កត្តាដែលសំខាន់ ចំពោះជំងឺដែលព្យាបាលរយៈពេលខ្លីមិនជា សូមឱ្យវេជ្ជបណ្ឌិតអន្តរទ្វីប អាចផ្ញើជាថ្នាំសង្កូវ សម្រាប់បន្តការព្យាបាលទៀតបាន។ លោកក៏សូមស្វាគមន៍ជានិច្ច ចំពោះបេសកកម្មរបស់វេជ្ជបណ្ឌិតអន្តរទ្វីប មិនថាឆ្នាំនេះ ឬឆ្នាំក្រោយបន្តបន្ទាប់ទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់៕