សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរនៅ សង្កាត់គងនយ


ព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ កងកម្លាំង និងអាជ្ញាធរ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំង អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាពមុខរបរ ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូន ជាពិសេស បញ្ហាផ្តល់សេវាសាធារណៈជូនប្រជាជន និងបញ្ហា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន ។
សម្តេចភក្តី ក៏បានជំរាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការខិតខំរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ពីផ្នែកឯកជន ពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផលដូចសព្វថ្ងៃ។
ចំពោះបញ្ហាប្រឈម ការខ្វះខាត និងបាតុភាពអសកម្មមួយចំនួន គឺតែងតែនៅមានសេសសល់ ដែលទាំងនេះគឺជាប្រធានបទក្តៅ ដែលរាជរដ្ឋាភិបាល ក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់សុទ្ធតែកំពុងអនុវត្តនូវកំណែទំរង់ស៊ីជំរៅលើគ្រប់វិស័យ ដើម្បីដោះស្រាយទប់ស្កាត់លុបបំបាត់ឲ្យស្ថិតនៅក្នុងកំរឹតតិចតួចបំផុត។
ចំពោះឧបាយកលញុះញង់ បំផ្លើសបំភ្លៃ បោកបញ្ឆោតអូសទាញរបស់ក្រុមប្រឆាំង ក្រុមអគតិមួយក្តាប់តូច(ដោយមានចៅហ្វាយបរទេសជំរុញពីក្រោយខ្នង)ដែលកំពុងបំផុសបំផុល បំពុលសភាពការណ៍សង្គមសព្វថ្ងៃ ក្នុងបំណងបំផ្លិចបំផ្លាញនូវសុខសន្តិភាព និងការរីកចម្រើនរបស់សង្គមជាតិបច្ចុប្បន្ន សូមកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ខគ្រប់ថ្នាក់យកចិត្តទុកដាក់តាមដានក្តាប់សភាពការណ៍ជាប់ជាប្រចាំ ហើយអប់រំទប់ស្កាត់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំឲ្យចាញ់បោកជឿតាមការឃោសនារបស់គេដែលគឺជាការល្មើសនឹងច្បាប់ ហើយអាចឈានទៅរងគ្រោះប្រឈមនឺងច្បាប់ ដែលនាំដល់ការបាត់បង់ពេលវេលាប្រកបការងាររកស៊ី និងផលប្រយោជន៍ផ្ទាល់ខ្លួនផង ហើយក៏នឹងបង្កគ្រោះចលាចលក្នុងសង្គមជាតិយើងផងដែរ…។
មុនបញ្ចប់ សម្តេចបានក្រើនរំលឹក ៖
– បន្តយកចិត្តទុក្ខដាក់ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាជនយើងដោយមិនរើសអើង និងប្រកបដោយតម្លាភាព ហើយឆាប់រហ័ស ។
– ខិតខំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតជាចំបងលើបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំ លុបបំបាត់
ទប់ស្កាត់ ដើម្បីកាត់បន្ថយ បទល្មើស(ជាពិសេសសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន) និងភាពអសកម្មនានាឲ្យនៅតិចតួចបំផុត និងខិតខំដោះស្រាយបញ្ហាប្រឈម ទុក្ខលំបាករបស់ប្រជាជនឲ្យបានច្រើន ។
– ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ត្រូវប្រយ័ត្នប្រយែង ថែទាំឲ្យបានល្អនិងរឹងមាំ៕