អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកពាក់ព័ន្ធផែនការរដ្ឋប្រហាររបស់ សម រង្ស៉ី ដកខ្លួនមកសារភាពជាបន្ទាន់ ដើម្បីរួចផុតពីទោស


(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ជនទាំងឡាយ ដែលបានចូលរួមក្នុងការផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់ទណ្ឌិត សម រង្ស៊ី ឱ្យដកខ្លួនមកសារភាពដល់សមត្ថកិច្ចជាបន្ទាន់ ដើម្បីរួចផុតពីទោស។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានថ្លែងយ៉ាងដូច្នេះថា៖ ដើម្បីទទួលបានការលើកលែងឲ្យរួចផុតពីទោសក្នុងបទ “រួមគំនិតក្បត់” បុគ្គលនោះត្រូវចូលសារភាព មុនការចោទប្រកាន់! សូមបងប្អូន ដែលកំពុងបន្តអនុវត្តផែនការប៉ុងប៉ងរដ្ឋប្រហារនេះ ដកខ្លួនមកសារភាពដល់សមត្ថកិច្ចជាបន្ទាន់ នោះបងប្អូននឹងរួចផុតពីទោសនេះ ដោយកុំរង់ចាំដល់មានការចោទប្រកាន់!។

រយៈពេលប៉ុន្មានថ្ងៃមកនេះ អ្នកពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់ទណ្ឌិត សម រង្ស៉ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការចោទប្រកាន់ជាបន្តបន្ទាប់។

ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ទន្ទឹងនឹងការប្រកាសផ្តួលរំលំនេះ លោក សម រង្ស៉ី បានអំពាវនាវដល់កងទ័ព ឱ្យផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចូលរួមក្នុងចលនារបស់ខ្លួន ព្រមទាំងប្រមាថ និងអំពាវនាវដល់ព្រះមហាក្សត្រ ឱ្យដាក់រាជ្យថែមទៀត៕