ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាននិងធនធានធម្មជាតិហ្វីលីពីន​ អញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា


នារាត្រីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ ប្រតិភូនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំដោយ ឯកឧត្តម Marcial C. Amaro, Jr. អនុរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និងធនធានធម្មជាតិ នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះក្រុមហ៊ុន​Cebu Pacific។ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន និងតំណាងគណៈអភិបាលខេត្តសៀមរាប បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាមួយការជួបសំណេះសំណាលក្នុងបរិយាកាសរីករាយ និងមិត្តភាពដ៏ជ្រាលជ្រៅ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៥រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ តុលា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ កិច្ចប្រជុំលើកទី១៥​ រដ្ឋមន្រ្តីបរិស្ថានអាស៊ានប្រារព្ធបើកជាផ្លូវការ នៅថ្ងៃទី៨ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតភាចរ្យ អូនពន្ធ័​ មុនីរត្ន័​ ឧបនាយករដ្ធមន្រ្តីភាព រដ្ធមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រតិភូក្រសួងបរិស្ថាននៃប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចំនួន១០​ប្រទេស រួមជាមួយនឹងអគ្គលេខាធិការអាស៊ាន និងមានការអញ្ជេីញចូលរួម​ ពី​ប្រតិភូ​រដ្ឋមន្រ្តី​បរិស្ថាន​ ចិន កូរេ និងជប៉ុន គ្រោង​ពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់​ និងការដោះស្រាយបញ្ហាបរិស្ថានជាសាកល ក្នុងនោះការប្រែប្រួលអាកាសធាតុ ក៏ដូចជាការពិភាក្សាលើបញ្ហាផ្សែងអ័ពឆ្លងដែនផងដែរ។