ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម តំណាងសម្តេចតេជោ ហ៊ុន សែន ជូនភ្លើងដល់សពលោក មាស ហួន


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ៧ ខែតុលានេះ បានអញ្ជើញជូនភ្លើងដល់សពឯកឧត្តម មាស ហួន ទីប្រឹក្សារាជរដ្ឋាភិបាល។

ពិធីបូជាសពឯកឧត្តម មាស ហួន បានប្រព្រឹត្តទៅនាឈាបដ្ឋានវត្តមហាមន្ត្រី ដោយមានការចូលរួមផងដែរ ពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

តាមរយៈលិខិតចូលរួមរំលែកទុក្ខ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះមរណភាពរបស់ឯកឧត្តម មាស ហួន ទីប្រឹក្សារាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់ឯកឧត្តម មាស ហួន គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មរណភាពរបស់ឯកឧត្តម មាស ហួន គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ក្រៅពីការចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន រួមនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធឯកឧត្តម មាស ហួន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ។

សូមបញ្ជាក់ថា ឯកឧត្តម មាស ហួន ប្រសូតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៣៥ ក្នុងភូមិស្រូវក្រោម ឃុំខ្ជាយ ស្រុកដងទង់ ខេត្តកំពត ក្នុងត្រកូលកសិករ ដែលឪពុកឈ្មោះ មូល មាស និងម្តាយឈ្មោះ វ៉ែន ។ ឯកឧត្តមជាបុត្រទី៣ ក្នុងចំណោមបងប្អូនបង្កើតចំនួន០៨នាក់ ស្រី០៥នាក់ ប្រុស០៣នាក់។ នៅឆ្នាំ ២០០៩ ឯកឧត្តម ទទួលបានព្រះរាជក្រឹត្យតែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។ តែគួរឱ្យសោកស្តាយ នៅឆ្នាំ២០១៩នេះ ឯកឧត្តមបានធ្លាក់ខ្លួនមានជម្ងឺស្ទះសរសៃឈាមក្នុងខួរក្បាល ។ ក្រុមគ្រួសារ បានខិតខំព្យាយាមព្យាបាលអស់រយៈពេលជិតមួយឆ្នាំមកហើយ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ មិនមានការធូរស្រាល រហូតដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តមក៏បានរលត់ក្ខ័ន្តនៅវេលាម៉ោង៤ទាបភ្លឺ ក្នុងជន្មាយុ ៨៤ឆ្នាំ៕