នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក Christopher RASSI ប្រធានក្រុមគាំទ្រកម្រងប្រទេសរបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំទីក្រុងបាងកក ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលើកទី១ របស់ លោក Christopher RASSI ដែលអញ្ជើញមកទស្សនកិច្ចនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ ជាពិសេសក្នុងភាពជាដៃគូរវាងសហព័ន្ធអន្តរជាតិ និងកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក ដែលសហព័ន្ធអន្តរជាតិតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស ជំនាញ និងថវិកា ដល់កាកបាទក្រហមកម្ពុជា លើការងារសំខាន់ៗជាច្រើនដូចជា ការងារសុខភាពអនាម័យ លើកកម្ពស់សុវត្ថិភាពចរាចរណ៍។ល។
ក្នុងនាមជាប្រធានក្រុមគាំទ្រកម្រងប្រទេសរបស់សហព័ន្ធអន្តរជាតិប្រចាំប្រទេស កម្ពុជា-ថៃ-វៀតណាម-ឡាវ លោក Christopher RASSI បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យជួបសម្តែងការគួរសម និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ក្នុងការសិក្សាស្វែងយល់ពីតម្រូវការជាក់ស្តែង ជាពិសេស នៅតាមសាខាកាកបាទក្រហមកម្ពុជា ដែលនឹងអនុវត្តគម្រោងនានាក្រោមការផ្តួចផ្តើមរបស់សហព័ន្ធអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងមានភាពស្និទ្ធស្នាលជាមួយគ្នា។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ពីប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានការគាំទ្រពីសំណាក់ដៃគូ ជាពិសេសសប្បុរសជនជាតិ-អន្តរជាតិ ក្នុងទិវា ៨ឧសភា ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ដែលមានបណ្តាញចាប់តាំងពីទីស្នាក់ការកណ្តាល រហូតដល់សាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជានៅទូទាំង ២៥រាជធានី ខេត្ត ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ជាពិសេស ក្នុងកំឡុងពេលមានគ្រោះមហន្តរាយណាមួយកើតឡើង។
បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានលើកឡើងថា កាកបាទក្រហមកម្ពុជា នៅតែត្រូវការ ការជួយឧបត្ថម្ភទាំងបច្ចេកទេស បទពិសោធន៍ និងថវិកាពីសហព័ន្ធអន្តរជាតិ ដើម្បីឱ្យកាកបាទក្រហមកម្ពុជា ក្លាយជាសមាគមជាតិដែលកាន់តែរឹងមាំ និងមានដំណើរការល្អ។
ឆ្លើយតបនឹងតម្រូវការនេះ លោក Christopher RASSI បានគូសបញ្ជាក់ពីផែនការដែលបានលើកឡើងដើម្បីជួយដល់កាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តនូវគម្រោងនានាក្នុងឆ្នាំ២០២០ ជាពិសេសការសិក្សាប៉ាន់ស្មាន ត្រៀមឆ្លើយតបគ្រោះមហន្តរាយនានា។ ជាមួយគ្នានេះ លោក បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តជួយដល់កាកបាទក្រហមកម្ពុជា ឱ្យក្លាយជាសមាគមជាតិកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពស្និទ្ធស្នាល៕