កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ផ្នែក​ឯកជន​នៃ​ក្រុម​ការងារ​អប់រំ


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុម​ការងារ​ផ្នែក​ឯកជន​​ក្រុម​ការងារ​អប់រំ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​ដោយ ដើម្បី​ពិនិត្យ​ដោះ​ស្រាយ​​សំណូម​ពរ​ធុរកិច្ច​របស់​ក្រុម​ការងារ​ផ្នែក​អប់រំ​ឯកជន ដាក់​ចេញ​ជម្រើស​អន្តរាគមន៍​កម្រិត​បច្ចេកទេស ដើម្បី​អនុវត្ត​រួម​ជាមួយ​ផ្នែក​ឯកជន លើក​សំណូម​ពរ​ធុរកិច្ច​ផ្នែក​អប់រំ ដែល​លើស​ពី​សមត្ថភាព​​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច។

ជាមួយ​គ្នា​នេះ​ដែរ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​កំណត់​បញ្ហា​ប្រឈម សំណូម​ពរ​ធុរកិច្ច​ផ្នែក​អប់រំ ជម្រើស​អន្តរាគមន៍​កម្រិត​គោលនយោបាយ ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ត្រៀម​វេទិកា​រាជរដ្ឋាភិបាល – ផ្នែក​ឯកជន​លើក​ទី​១៩ ឆ្នាំ​២០២០។ ​កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។

រៀប​វារៈ​នៃ​កិច្ច​ពិភាក្សា ​មាន​​ចំនួន ៤​អនុ​វិស័យ រួម​មាន ​អនុ​វិស័យ​សុខាភិបាល បឋមសិក្សា និង​មធ្យម​សិក្សា បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អនុ​វិស័យ​ឧត្ដម​សិក្សា សរុប​ចំនួន ៣០​ចំណុច ដែល​ក្នុង​នោះ​ចំណុច​​មួយ​ចំនួន​ត្រូវ​បាន​សម្រេច​ ដោយ​ឡែក​ចំណុច​ខ្លះ​ទៀត ទាម​ទារ​កិច្ច​ប្រជុំ​បច្ចេកទេស​ និង​ការ​ពិភាក្សា​បន្ថែម​មុន​ឈាន​ដល់​ការ​ធ្វើ​សេចក្ដី​សម្រេច​៕

​១០ តុលា ២០១៩ | ទីស្ដីការ​ក្រសួង