ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំការប្រលងនិយាយភាសាខ្មែរ លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ


នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំការប្រលងនិយាយភាសាខ្មែរ ដើម្បីចូលរួមលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

កម្មវិធីនេះមានការចូលរួមរបស់ឯកឧត្តម ISHIKAWA Hiroshi អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍និងអាស៊ីនិរតីនៃក្រសួងការបរទេសជប៉ុន លោកសាស្ត្រាចារ្យ ISHIZAWA Yoshiaki នាយកមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៊ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្ស និងជាប្រធានបេសកកម្មអន្តរជាតិ “សូហ្វីយ៉ា-អង្គរ” លោកសាស្រ្តាចារ្យ Timothy Newfields មកពីសាកលវិទ្យាល័យ Toyo នៅទីក្រុងតូក្យូ ព្រមទាំងបងប្អូនប្រជាជនខ្មែរ អ្នកគាំទ្របេក្ខជន-បេក្ខនារី និងមិត្តភក្តិជប៉ុន ចូលរួមយ៉ាងច្រើនកុះករ។ បន្ទាប់ពីប្រលង យើងបានសំណេះសំណាល ពិសាអាហារសាមគ្គី និងរាំលេងកំសាន្ត ។
បេក្ខជន/បេក្ខនារីចំនួន ១២រូប ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ បានចូលរួមប្រលងនៅក្នុងឆ្នាំនេះ។ ពួកគាត់បានបរិយាយលើប្រធានបទផ្សេងៗគួរឲ្យចាប់អារម្មណ៍ ដូចជាទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ម្ហូបអាហារ បទពិសោធន៍ ទៅលេងស្រុកខ្មែរ ។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេនោះ ពួកគាត់បានបញ្ជាក់ថា ប្រជាជនខ្មែរចេះជួយគ្នា ជួយយកអាសាគ្នា ទោះបីមិនស្គាល់គ្នាក៏ដោយ។ ខ្លះបានលើកថាគាត់ចូលចិត្តសម្លកកូរ មាន់ឆាខ្ញី បបរមាន់ សម្លការី និងបាយដំណើបសង្ខយា ។

លោកសាស្ត្រាចារ្យ ISHIZAWA បានមានប្រសាសន៍អំពីប្រវត្តិអក្សរខ្មែរ និងបានប្រាប់ដល់ជនជាតិជប៉ុនដែលចេះនិយាយភាសាខ្មែរថា ពួកគាត់គួរមានមោទនភាព ដោយសារចេះនិយាយនិងសរសេរអក្សរខ្មែរ ដែលជាភាសាមួយមានអាយុកាលយូរលង់មកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាំងពីសតវត្សទី៦ មកម្ល៉េះ។
សូមបញ្ជាក់ផងដែរថា ការប្រលងនិយាយភាសាខ្មែរត្រូវបានរៀបចំជារៀងរាល់ឆ្នាំ។