អបអរសាទរ ទិវាពិភពលោកស្អាត និងទិវាទេសចរណ៍ពិភពលោកលើកទី៤០


នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅទីធ្លាមុខសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញ ជាអធិបតីក្នុងឱកាសការប្រារព្ធពិធី “ទិវាពិភពលោកស្អាត”និងអបអរសាទរទិវាទេសចរណ៍ពិភពលោក លើកទី៤០ ក្រោមប្រធានបទ”ទេសចរណ៍ និងការងារ” អនាគតមួយដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជននិងប្រជាពលរដ្ឋ សរុបប្រមាណ៥០០នាក់។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលបានអំពាវនាវដល់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជន និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយមិនសំដៅលើការសម្អាតសំរាមតែមួយមុខនោះទេ ត្រូវគិតទៅលើកត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនាម័យតាមគេហដ្ឋាន ការថែរក្សាទ្រព្យសម្បត្តិសាធារណៈ។

ឯកឧត្តមបានគូសបញ្ជាក់ថា ព្រោះបើទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព ព្រមទាំងទាក់ទាញទេសចរណ៍ចូលមកកំសាន្តសប្បាយ រឺស្នាក់នៅក្នុងខេត្ត បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ្តផងដែរ។ បន្ទាប់មក អង្គពិធីទាំងមូលបានធ្វើសកម្មភាពសំអាតអនាម័យបរិស្ថានក្នុងក្រុងស្ទឹងត្រែង ថែមទៀតផងដែរ៕