សម្តេចភក្តី សាយ ឈុំ អនុញ្ញាតអោយប្រតិភូយុវជនកម្ពុជាចំនួន ៣៣រូបចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ មុនពេលទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩។
ប្រតិភូយុវជនកម្ពុជាចំនួន ២៩នាក់ តំណាងឲ្យកម្ពុជាដែល ត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរៀបចំឡើងដោយក្រសួងអប់់រំ យុវជន និងកីឡា ដើម្បីចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP)លើកទី៤៦ឆ្នាំ២០១៩។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនដូចជា ការពង្រឹងនិងពង្រីកកិច្ចការទំនាក់ទំនង ការរៀនធ្វើការងារជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ។សម្រាប់ឆ្នាំ២០១៩នេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានរយៈពេល៥២ថ្ងៃ។សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) បានរៀបចំវគ្គបណ្តុះបណ្តាល
ប្រតិភូយុវជនកម្ពុជាទាំង២៩នាក់ មុនពេលចេញដំណើរ រយៈពេល៣ខែ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្សេងៗ ។