រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាបញ្ចប់ខ្លឹមសារមេរៀនសៀវភៅសិក្សា គោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូ និងសិស្សថ្នាក់ទី១ ទី៤ ទី៧ និងថ្នាក់ទី១០ ក្នុងគោលបំណងពិនិត្យបញ្ចប់សេចក្ដីព្រាង ដែលជាសេចក្ដីព្រាងចុងក្រោយនៃខ្លឹមសារសៀវភៅដែលមុនពេលបោះពុម្ពផ្សាយ ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ កាត់បន្ថយអត្រាជំងឺឆ្លង ជំងឺមិនឆ្លង និងគ្រោះថ្នាក់ផ្សេងៗដល់អ្នកសិក្សា ក្នុងគោលដៅបង្កើតបានធនធានមនុស្សប្រកបដោយគុណភាព។
លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខានេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៩ ព្រមទាំងមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានសុខភាពសិក្សា និងនាយកដ្ឋានពាក់ព័ន្ធ។
ក្នុងឱកាសនោះលោកជំទាវ បានមានប្រសាសន៍ថាកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាលបានកំណត់ជាវិស័យអាទិភាព ទន្ទឹមគ្នានឹងវិស័យសុខាភិបាល ដែលនេះមានន័យថា យើងមិនអាចអភិវឌ្ឍវិស័យអប់រំ ដោយខ្វះការយកចិត្តទុកដាក់ទៅលើសុខភាពបានឡើយ។
លោកជំទាវក៏បានមានប្រសាសន៍ផ្ដាំផ្ញើទៅកាន់អ្នកចូលរួមសិក្ខាសាលាដើម្បីបញ្ចប់ខ្លឹមសារសៀវភៅនេះ សូមដាក់ខ្លួនជាមាតាបិតា អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីអាចមើលឃើញពីភាពខ្វះចន្លោះនៃខ្លឹមសារ ធ្វើយ៉ាងណាឱ្យសមស្របតាមតម្រូវការរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលត្រូវការសៀវភៅនេះជាចាំបាច់សម្រាប់ការរៀន និងបង្រៀន៕
១០ តុលា ២០១៩ |សណ្ឋាគារសាន់វេ