អភិបាលរងចំនួនពីររូបត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ


ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលស្រុកជីក្រែង ចំនួន ២រូប រួមមាន ៖

១. លោក ម៉ូវ ជា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកជីក្រែង។

២. លោក ធូ ចន្ថុល ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកជីក្រែង។

បន្ទាប់ពីគណៈអធិបតីប្រគល់ប្រកាសរួចមក លោក អភិបាលរងទាំងពីរ ក៏បានធ្វើការប្តេជ្ញាចិត្តក្នុងអត្ថន័យរក្សាឲ្យបាននូវសមិទ្ធផលដែលបានកសាងកន្លងមក ព្រមទាំងខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀតតាមការចង្អុលបង្ហាញរបស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរខេត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំងខិតខំពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យខ្ជាប់ខ្ជួន ជូនប្រជាជនផងដែរ ។

ក្នុងនោះដែរលោក នាក់ណេរ៉ុន អភិបាលរងខេតហត ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកពួក ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង អភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ ម៉្យាងទៀតស្រុកជីក្រែងទាំងមូល មានសក្តានុពើក្នុងវិស័យកសិកម្ម ទេសចរណ៍ ទៀតផង ។

លោក អភិបាលរងខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

លោក បានក្រើនរំលឹកដល់អភិបាលរងស្រុក ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកក៏បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជាសសរគ្រឹះក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន កុំឲ្យស្តាប់នូវការញុះញុងរបស់ក្រុមឧទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា សំខាន់ចំពោះកងកម្លាំង រួមសហការ ជាមួយប្រជាការពារភូមិ ព្រមទាំងជម្រុញលើការងារអប់រំទៀតផង ។ ម៉្យាងទៀតត្រូវណែនាំប្រជាកសិករយើងដែររងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជម្រុញក្នុងការធ្វើស្រែបណ្តេញទឹក និង ស្រែប្រាំង ក្នុងការស្តារជីវភាពឡើងវិញ្របស់បងប្អូន និងត្រូវចេះថែរក្សាតំកល់ទឹកសម្រាប់ប្រើប្រាស់បង្កបង្កើនផល នៅពេលខាងមុខនេះផងដែរ ៕