ថ្នាក់ដឹកខេត្តសៀមរាបជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Seohee Construction និងក្រុមហ៊ុន JNR International នៃសាធារណរដ្ឋកូរ៉េ


នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Seohee Construction និងក្រុមហ៊ុន JNR International នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងប្រតិភូអាជ្ញាធរមីនកម្ពុជា ដឹកនាំប្រតិភូដោយ ឯកឧត្តម ព្រំ សេរី ឧត្តម ប្រធានលេខាធិការដ្ឋានអាជ្ញាធរមីន និងមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ទីចាត់ការទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត។

កិច្ចប្រជុំនេះ បានពិភាក្សាផ្តោតសំខាន់ទៅលើការបោសសម្អាតគ្រាប់មីន ដែលមានក្នុងភូមិសាស្ត្រ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងធ្វើការបោសសម្អាតគ្រាប់មីន ដើម្បីកិច្ចការមនុស្សធម៌ និងធ្វើការបោសម្អាតគ្រាប់មីន ដើម្បីអភិវឌ្ឍន៍។

ក្នុងកិច្ចពិភាក្សានោះផងដែរ លោក អភិបាលរងខេត្ត បានធ្វើការគាំទ្រ និងយល់ស្របទៅនឹងសំណើរបស់ភាគីប្រតិភូ ដោយហេតុថា បញ្ហាគ្រាប់មីនបានបង្កវិនាសកម្ម និងសេចក្តីទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋ ដូច្នេះ សកម្មភាពនេះ គឺបានជួយដល់ប្រជាពលរដ្ឋកម្ពុជា ពិសេស ក្នុងខេត្តសៀមរាប មិនអោយជួបគ្រោះថ្នាក់ដោយសារបញ្ហាគ្រាប់មីន។

លើសពីនេះ ក្រោយពីសម្អាតគ្រាប់មីនហើយ ភាគីប្រតិភូមានបំណងចង់អភិវឌ្ឍន៍តំបន់នោះ ដែលជាទិសដៅដ៏សំខាន់មួយក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្ត មានការងារធ្វើ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយការធ្វើចំណាកស្រុក៕