ការងារអធិការកិច្ច ជាចំណុចអាទិភាព១ ក្នុងចំណោម១៥ចំណុចផ្សេងទៀត នៃកម្មវិធីកំណែទម្រង់វិស័យអប់រំ


ស្ទឹងត្រែង៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយរបាយការណ៍អធិការកិច្ច ដែលត្រូវបានចាត់ទុកជាចំណុចអាទិភាព១ ក្នុងចំណោម១៥ចំណុចផ្សេងទៀតនៃកម្មវិធីកំណែទម្រង់វិស័យអប់រំ ឆ្លើយតបតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតសំខាន់លើការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅ ផ្ដល់ជូនមន្ត្រីអប់រំ ជាសិក្ខាកាម ក្នុងការដកស្រង់បទពិសោធន៍ ចំណេះដឹងថ្មីៗ ដើម្បីជាទុនយកទៅអនុវត្តក្នុងការងារគ្រប់គ្រងនៅតាមអង្គភាពរបស់ខ្លួន នៅលើការងារគ្រប់គ្រងរដ្ឋបាល បុគ្គលិកហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ របបប្រាក់ម៉ោងបន្ថែមជាដើម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពកម្មវិធីបើកវគ្គសិក្ខាសាលានេះ។ ក្នុងឱកាសនោះ ឯកឧត្ដម បានស្នើសុំថ្នាក់ដឹកនាំវិស័យអប់រំ គ្រប់លំដាប់ថ្នាក់ យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលទទួលបានពីសិក្ខាសាលានេះ ទៅធ្វើការកែតម្រូវចំណុចខ្វះខាតឱ្យចំទិសដៅ និងពង្រឹងបន្ថែមលើចំណុចល្អ ជាពិសេសត្រូវយកលិខិតបទដ្ឋានគតិយុត្តិជាគោល ក្នុងការអនុវត្តឈានទៅរកប្រសិទ្ធភាព និងប្រសិទ្ធផល។

សូមជម្រាបថា សិក្ខាសាលានេះ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីសំណាក់សិក្ខាកាមមកខេត្តស្ទឹងត្រែង កោះកុង ព្រះវិហារ រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ៕