រដ្ឋបាលរាជធានីភ្នំពេញ និមន្តព្រះសង្ឃសូត្រមន្តបង្សុកូល ថ្វាយព្រះរាជកុសល ដល់ព្រះករុណា ព្រះបរមរតនកោដ្ឋ


(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រជានុរាស្ត្រជាកូន ចៅ ចៅទួតនៅទូទាំងប្រទេស ក៏ដូចនៅក្រៅប្រទេស ចូលរួមពិធីគោរពដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានយាងចូលទីវង្គត់គម្រប់ខូប៧ឆ្នាំ នាថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន៩អង្គ ដើម្បីសូត្រមន្តបង្សុកូលឧទ្ទិស ព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

កូនចៅ ចៅទួតប្រជានុរាស្ត្រគ្រប់រូប តែងតែចងចាំជានិច្ចនូវព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការៈដ៏ធំធេងរបស់ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិ និងប្រជារាស្ត្រ ព្រមទាំងបួងសួងសុំឲ្យដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ បានទៅសោយសុខ ក្នុងឋានព្រះបរមសុខ ជាទីដ្ឋានដ៏គាប់ប្រសើរ និងសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។

ក្រោយការយាងចូលទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិ, រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ តុលា រៀងរាល់ឆ្នាំ ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ថ្នាក់ដឹកនាំក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បានអញ្ជើញនាំគ្នាយកកម្រងផ្កា ថ្វាយគោរពសក្ការៈ ចំពោះព្រះបរមរូប៕