អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ គោរព វិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ


កំពង់ចាម : ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជ បីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធាន ក្រុម ព្រឹក្សា ខេត្ត បានដឹកនាំមន្ត្រី រាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ នៅសាលា ខេត្ត កំពង់ចាម ។

ដេីម្បី ប្រារព្ធ ពិធី នេះ លោក អ៊ុន ចាន់ដា តាំង នាមឲ្យ ថ្នាក់ដឹកនាំ មន្ត្រី រាជការ និង ប្រជាពលរដ្ឋក្នុង ខេត្ត កំពង់ចាម លោក ក៏ បានសម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ។ ជា មួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត បាន ថ្លែង រំឮក នូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា។ ចំពោះ ខ្សែភាពយន្តឯកសារស្តីពីព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ” ព្រះបរមរតនកោដ្ឋ ” ជាច្រើន ត្រូវបានចាក់ផ្សាយ រំឭកឡើងវិញទៅដល់ព្រះរាជគុណូបការៈរបស់ព្រះអង្គ ដែលបានលះបង់កាលពីអតីតកាល ។

ខេត្តកំពង់ចាមរបស់យើង កាលណាគេនិយាយដល់វិទ្យាល័យធំជាងគេជំនាន់នោះ គេនឹងនឹកឃើញទៅដល់វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម !កាលណាគេនិយាយទៅដល់រោងចក្រតម្បាញដែលធំជាងគេជំនាន់នោះ គេនឹងនឹកឃើញទៅដល់រោងចក្រតម្បាញវាយនភ័ណ្ឌកំពង់ចាម! អតីតសាលាបច្ចេកទេស សព្វថ្ងៃបានប្រែក្លាយជាសាលា និងមជ្ឈមណ្ឌលគរុកោសទៅហើយ! ទាំងអស់នេះ គឺជាសមិទ្ធផលបានកើតឡើងក្នុងជំនាន់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ” ព្រះបរមរតនកោដ្ឋ – ដឹកនាំ !

ថ្ងៃនេះប្រជានុរាស្ត្រទូទាំងព្រះនគរកំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជំនាន់ថ្មី គឺព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ សូមដួងព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ” ព្រះបរមរតនកោដ្ឋ * ស្ងប់ព្រះរាជហឫទ័យចុះ ថាកូនចៅជំនាន់ក្រោយកំពុងខិតខំបំពេញភារកិច្ចបន្តនៅលើវិថីដែលព្រះអង្គបានត្រួសត្រាយកន្លងមក។

គួរ បញ្ជាក់ថា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គតដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ។ ព្រះបរមសពរបស់ព្រះអង្គបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្ត មន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ៕