ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់ពីការទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក


ភ្នំពេញ៖ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនៅរសៀលថ្ងៃទី១៦ ខែតុលា នេះ ថា រាជរដ្ឋាភិបាលមានសិទ្ធិនិងកាតព្វកិច្ចផ្ដាច់មុខ ក្នុងកិច្ចការពារ ថែរក្សាអធិបតេយ្យ និង សន្ដិសុខជាតិ ដែលផ្ដល់ដោយច្បាប់។

នេះជាការឆ្លើយតបទៅនឹងអ្នកដែលតាំងខ្លួនជាអ្នកវិភាគសង្គមរឿងនយោបាយ ស្ដីពីអំពីបំណងទិញយន្ដហោះស៊ើបការណ៍ប្រភេទ L39 ពីប្រទេសឆែក ។

ឯកឧត្តម ផៃ ស៊ីផាន សរសេរតាមបណ្តាញសង្គម Facebook ថា បំណងនៃការទិញយន្ដហោះ គឺមិនត្រឹមតែធ្វើទំនើបកម្មសព្វាវុធ សម្រាប់កងយោធពលខេមរភូមិន្ទ ក៏និងអាច ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ជាយថាហេតុណាមួយ ដែលកើតឡើង ពីសភាពការមិនច្បាស់លាស់ នៃសណ្ដាប់ធ្នាប់ពិភពលោកផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្តថា លើសពីនេះទៀត ការទិញយន្ដហោះ ក៏ជាសេចក្ដីសម្រេចចិត្ត និងកិច្ចប្តេជ្ញា ពង្រឹងកិច្ចទំនាក់ទំនងល្អ និងសហប្រតិបត្តិការជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយប្រទេសឆែក ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគីផងដែរ ៕