តំណាងអយ្យការខេត្តកំពង់ឆ្នាំងចោទប្រកាន់បុគ្គលឈ្មោះ ដួង ចន្ត្រា ពីបទរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៊ី


(កំពង់ឆ្នាំង)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ការសម្រេចចោទប្រកាន់
លើឈ្មោះ ដួង ចន្ត្រា ហៅ ត្រា ភេទប្រុស និងគូកន ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់លើឈ្មោះ ដួង ចន្ត្រា ហៅ ត្រា និងគូកន បានធ្វើឡើងបន្ទាប់ពីបុគ្គលនេះ បានបង្ហោះសារលើគណនី Facebook ឈ្មោះ Duong Chantra កៀរគរ បំផុសបំផុល ញុះញង់ ឃោសនា និងប្រមូលផ្តុំប្រជាជន ចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៖