មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នាទីស្តីការក្រសួង ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ចំនួន២២រូប ដឹកនាំដោយលោក Idsara Amornkitbamrung ប្រធាននាយកដ្ឋានវិនិយោគក្នុងតំបន់ នៃក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការនាំចេញ-នាំចូលផលិតផល និងរៀបចំកិច្ចជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា-ថ្ងៃ។

នៅក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន បានផ្សព្វផ្សាយអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ គោលនយោបាយពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ជាង២ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានផ្តល់យោបល់ដល់គណៈប្រតិភូថៃ ដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យកសិកម្មឧស្សាហកម្ម សណ្ឋាគារ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី និងបច្ចេកវិទ្យា(IT) ដែលផ្តល់ឱកាសដល់ពាណិជ្ជករថៃមកវិនិយោគលើវិស័យទាំងនេះ។

លោក Idsara Amornkitbamrung បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការយកចិត្តទុករបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងពាណិជ្ជកម្ម ដែលបានប្រឹងប្រែងរៀបចំ និងផ្តល់ពេលវេលាដ៏មានតម្លៃចូលរួមផ្តល់ការណែនាំ និងជម្រាបផ្តល់អំពីព័ត៌មានសំខាន់ៗមួយចំនួនធំ ចែកជូនដល់ពាណិជ្ជករថៃទាំង២២រូប ដែលមានគោលបំណង និងមានចំណាប់អារម្មណ៍មកវិនិយោគ ធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលផលិតផលនៅប្រទេសកម្ពុជា។