ឯកឧត្តម ខៀវ កាញារីទ្ធ៖ មន្រ្តីអ្នកនាំពាក្យ ត្រូវសហការគ្នាឲ្យបានច្រើន និងជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ដែលអាចឆក់យកបេះដូងសាធារណៈឲ្យជនជឿជាក់លើរដ្ឋាភិបាល


(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានផ្តាំផ្ញើដល់មន្រ្តីអ្នកនាំពាក្យនៅតាមស្ថាប័ននានា ឲ្យបង្កើនការសហការឲ្យបានច្រើន និងជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ដល់មហាជនបានជ្រាប។

ថ្លែងបិទសិក្ខាសាលារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១​​​ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្រ្តីអ្នកនាំពាក្យ ត្រូវតែសហការគ្នាឲ្យបានច្រើន និងត្រូវសហការយ៉ាងជិតស្និតជាមួយអ្នកសារព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងព័ត៌មានឲ្យបានត្រឹមត្រូវ ដើម្បីឆក់យកបេះដូងសាធារណៈជនជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល ក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលមានទាំងព័ត៌មានពិត និងព័ត៌មានបំភ្លៃការពិត។

ជុំវិញភាពជាដៃគូររវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូររវាងមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាការបំពេញស្មារតីឲ្យគ្នាទៅវិញទៅមក ព្រោះអ្នកនាំពាក្យក៏ជាអ្នកសារព័ត៌មាន អ្នកសារព័ត៌មានក៏ជាអ្នកនាំពាក្យ ដែលនាំសារជូនដល់ប្រជាជន ប្រកបដោយភាពរលូន។

កម្មវិធីសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ គឺមានទិសដៅពង្រឹង, ទប់ស្កាត និងបន្សាបព័ត៌មានក្លែងក្លាយ ដែលមានបំណងបំផ្លាញសន្តិភាពកម្ពុជា។ អង្គសិក្ខាសាល បានបិទបញ្ចប់ដោយជោគជ័យ និងបានពង្រឹងសមត្ថភាពមន្រ្តីអ្នកនាំពាក្យ ដែលមកពីស្ថាប័នអង្គភាពមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅទូទាំងប្រទេស។

ចំណែក ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អង្គសិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមបរិយាកាសដ៏ល្អប្រសើរ ដោយមានការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់សិក្ខាកាមជាអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាមន្រ្តីព័ត៌មានរាជធានី-ខេត្តចំនួន១៦៥នាក់ ក្រោមកិច្ចអន្តរាគមន៍ប្រកបដោយខ្លឹមសារពីសំណាក់វាគ្មិនល្បីៗ មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យសារព័ត៌មាន៕