លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាក្នុងពិធី “ទិវាសហប្រជាជាតិ ២០១៩ ” ក្រោមប្រធានបទ សកម្មភាពដើម្បអាកាសធាតុ សម្រាប់មនុស្ស និងដែនដី នៅសាកលវិទ្យាល័យបាត់ដំបង


ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងទិវាសហប្រជាជាតិ ២០១៩ ” ក្រោមប្រធានបទ សកម្មភាពដើម្បអាកាសធាតុ សម្រាប់មនុស្ស និងដែនដី ក្រោមអធិបតី ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាកលវិទ្យាល័យបាត់ដំបង ។

ទិវានេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវសាកលវិទ្យាធិការនៃសាលកវិទ្យាល័យបាត់ដំបង លោកស្រី ផូលលីន ថាមមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតតាមបណ្តាសាលា និងសាកលវិទ្យាល័យនានាក្នុងខេត្ត ។

លោក សឿម ប៊ុនរិទ្ធិ បានថ្លែងអំណរអរគុណចំពោះលោកស្រី ផូលលីន ថាមេស៊ីស (Pauline Tamesis) ក៏ដូចជាតំណាងអង្គការសហប្រជាជាតិ ដែលបានជ្រើសរើសយកខេត្តបាត់ដំបងរៀបចំទិវាសហប្រជាជាតិ ឆ្នាំ២០១៩ ហើយនេះក៏ជាលើកទី១សម្រាប់ខេត្តបាត់ដំបង ដែលបានរៀបចំទិវានេះឡើង។

លោក សឿម ប៊ុនរិទ្ធិ បានបន្តទៀតថា ខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលជួយប្រទះនូវគ្រោះធម្មជាតិ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ រហូតបណ្តាឱ្យប៉ះពាល់អាយុវជីវិត សុខភាពមនុស្ស និងសត្វ ខូចខាតដំណាំកសិផល ហេដ្ឋានរចនាសម្ព័ន្ធជាដើម ហើយនៅក្នុងដែររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តក្នុងការធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងបរិបទការប្រែប្រួសអាកាសធាតុ ។

លោក អភិបាលរងខេត្ត បានបញ្ចាក់បន្ថែមថា នេះជាពេលវេលាមួយដែលយើងទាំងគ្នា ត្រូវតែរួមគ្នាធ្វើសកម្មភាព ដើម្បីការបម្រែបម្រួលអាកាសធាតុនេះ ពុំនោះទេប្រជាជនជំនាន់ក្រោយនឹងត្រូវរងផលប៉ះពាល់កាន់តែខ្លាំងផងដែរ។

សូមជម្រាបជូនផងដែរ នៅក្នុងនោះក៏មានដាំកូនឈើជានិមិត្តរូប តំណាងឱ្យកិច្ចការពារ ការកាត់បន្ថយការបម្រែបម្រួលអាកាស នៅបរិវេណសាកលវិទ្យាល័យបាត់ដំបង (UBB)៕