អភិបាលខេត្តសៀមរាប អំពាវនាវប្រជាជនកុំអោយចូលរួម ឬគាំទ្រសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលត្រូវជាប់ទោសពី បទល្មើសរួមគំនិតក្បត់


ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ ត្រូវបានផ្សព្វផ្សាយអំពីការងារចាំបាច់មួយចំនួននូវសភាពការណ៍បច្ចុប្បន្ន ការបង្ក្រាបបទល្មើស និងភាពអសកម្មនានាមួយចំនួននៅមូលដ្ឋាន ព្រមទាំងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិសេសទប់ស្កាត់រាល់បាតុភាពដែលប៉ុនប៉ងការផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងវាយប្រហារលើអង្គព្រះមហាក្សត្រ។

ឯកឧត្តម អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញអោយអ្នកពាក់ព័ន្ធទាំងអស់ត្រូវ៖
-បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងសកម្មភាពបង្កា បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
-ទប់ស្កាត់រាល់បទល្មើសនានានៅមូលដ្ឋាន ដោះស្រាយវិវាទដីធ្លី និងការប្រកបរបបអាជីវកម្មផ្សេងៗមួយចំនួនដែលគ្មានច្បាប់ និង
-ស្នើឱ្យមានការរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងអប់រំបងប្អូនប្រជាពលរដ្ឋជាប្រចាំនៅមូលដ្ឋាន ដើម្បីកុំអោយពួកគាត់ចាញ់កលទៅចូលរួម ឬគាំទ្រគម្រោងការធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី ដែលអាចប្រឈមជាប់ទោសពី បទល្មើសរួមគំនិតក្បត់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ក្នុងមាត្រា ៤៥៣ ដែលនឹងត្រូវប្រឈមទទួលទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ។