ទស្សនៈមតិ៖ សុំទោស! កម្ពុជា មិនបានអញ្ជើញអស់លោកបរទេសទុច្ចរិតណាម្នាក់ «ឲ្យយកទុក្ខដាក់ខ្លួន» ឬបំផ្លាញកម្ពុជាជាថ្មីនោះទេ


(ភ្នំពេញ)៖ អ្នកនយោបាយពាក់ស្លាកជាតំណាងរាស្ត្រអាមេរិក៣រូប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានជួបជុំគ្នានៅក្នុងបន្ទប់តូចមួយ នៃវិមានរដ្ឋសភាអាមេរិកដោយមានជនជាតិខ្មែរជ្រុលនិយមរត់ចោលស្រុកមួយក្រុមតូចនាំគ្នាចូលរួមស្តាប់ និងឡើងនិយាយអាក្រក់ពីប្រទេសជាតិរបស់ខ្លួន។

អ្នកនយោបាយអាមេរិកទាំង៣រូបនេះរួមមាន៖ អាលែន ឡូវែនថល (Alan Lowenthal) មកពីរដ្ឋកាលីហ្វ័រញ៉ា របស់គណបក្សប្រជាធិបតេយ្យ, ឈ្មោះ ស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋអូហាយអូ របស់គណបក្សសាធារណរដ្ឋ និងឈ្មោះ ថិត យ៉ូហូ (Ted Yoho) មកពីរដ្ឋហ្ល័រីដា របស់គណបក្សសាធារណរដ្ឋ។

ការបកស្រាយរបស់អ្នកនយោបាយទាំង៣នាក់នេះ បានបង្ហាញឲ្យឃើញថា ពួកគេហាក់ដូចជាប្រឹងគិតគូរសម្បើមណាស់លើផ្លូវអាក្រក់ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈការជំរុញក្រុមឧទ្ទាម ឲ្យចូលមកអុកឡុកកម្ពុជា តាមអ្វីដែលគេប្រកាសថា ចង់ចូលមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ ក្នុងនាមជាពលកម្ពុជា និងជាម្ចាស់ប្រទេស ដែលមានអរិយធម៌រុងរឿង ប៉ុន្តែក៏ធ្លាប់រងគ្រោះក្រោមឧបាយកលទុច្ចរិត និងការឈ្លានពានរបស់បរទេស កាលពីអតីតកាល, យើងសូមប្រាប់ទៅបរទេសបោកប្រាស់ខ្មែរក្រៅប្រទេសដើម្បីយកសន្លឹកឆ្នោតវិញថា៖

ទី១៖ កម្ពុជាមិនបានអញ្ជើញអស់លោកមកកម្ពុជាទេ! អស់លោកក៏ស្គាល់របៀបធ្វើដំណើរចេញចូលទៅក្រៅប្រទេសដែរ។ ក្នុងឋានៈអស់លោកជាសមាជិកសភា ឬជាអ្នកនយោបាយ ក៏មិនគួរឆោតល្ងង់ចូលទៅផ្ទះគេមួយដោយគ្មានការអញ្ជើញនោះដែរ។ ចំណុចនេះ អស់លោកត្រូវចេះអៀនខ្មាស់។ ដូច្នេះ ប្រសិនបើអស់លោកងងើលហ៊ានឈានជើងជាន់ទឹកដីកម្ពុជា ដោយគ្មានការអញ្ជើញ ឬគ្មានទិដ្ឋការ អស់លោកត្រូវប្រយ័ត្នប្រយែង ពីព្រោះប្រទេសមួយមានច្បាប់ មានខ្នោះ មានគុក ដូចៗគ្នា។

លើសពីនេះ ប្រសិនបើអស់លោកមានចេតនាបង្កភាពវឹកវរ រញ៉េរញ៉ៃ លើអធិបតេយ្យកម្ពុជា ដែលជារដ្ឋឯករាជ្យ នោះកម្ពុជានឹងប្រើប្រាស់ច្បាប់ ដូចស្តង់ដារប្រទេសលោកដូចគ្នា ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ហើយអាចជាប់ទោសធ្ងន់ជាងនេះ បើរកឃើញថា លោកមកធ្វើចារកម្ម និងមកបំផ្លាញសន្តិសុខជាតិមួយ។ ខ្នោះ និងគុក ស្វាគមន៍អស់លោកជានិច្ច ដូចបណ្តាប្រទេសផ្សេងទៀតដែរ។

ទី២៖ ប្រជាជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ និងចេះចាត់ចែងវាសនាប្រទេសរបស់ខ្លួនបានយ៉ាងល្អ ចាប់តាំងពីកម្ពុជា បានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលរហូតមកដល់បច្ចុប្បន្ន គឺមានបទពិសោធន៍គ្រប់គ្រាន់ហើយ។ កម្ពុជា បានធ្វើដំណើរមកកាន់ការផ្សះផ្សារជាតិ រហូតដល់អនុវត្តដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស និងបានអភិវឌ្ឍប្រទេសឲ្យរីកចម្រើន មានកិត្តិយស ស្មើមុខស្មើមាត់ ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ។ តម្លៃខ្លួនអស់លោក និងខួរក្បាលអស់លោក មិនលើសប្រជាជនកម្ពុជាបច្ចុប្បន្ននេះទេ។

អស់លោកជនបរទេសទាំង៣នាក់ ក៏មិនដែលមានចំណែកណាមួយទាល់តែសោះ សូម្បីប៉ុនសរសៃសក់ ចំពោះជាតិ និងប្រជាជនកម្ពុជានោះទេ។ ទស្សនៈនយោបាយរបស់អស់លោក បន្តទុកបោកប្រាស់ជនដែលអស់លោកបោកបាននោះតទៅទៀតចុះ។ ប៉ុន្តែ អស់លោកគ្មានតម្លៃ និងមិនអាចបោកប្រាសប្រជាជនកម្ពុជា១៦លាននាក់បានឡើយ។ ប្រជាជនកម្ពុជា ក៏មិនទទួលបទដ្ឋានពិសពុលទាបថោកណាមួយ ដែលបំផ្លាញដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅលើទឹកដីកម្ពុជានោះទេ។

ទី៣៖ កម្ពុជាស្គាល់ច្បាស់ណាស់អ្វីដែលហៅថា ប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យនៅកម្ពុជា គឺកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា មិនមែនលេចចេញពីពួកឧទ្ទាម ហើយក៏មិនមែនកើតចេញពីពួកអាណានិគម ឬពួកចក្រពត្តិណាមួយឡើយ។ របស់អ្នក អ្នកទុកប្រើនៅប្រទេសអ្នកចុះ។ កម្ពុជា អនុវត្តការដឹកនាំ ការរស់នៅតាមភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ប្រពៃណី និងវប្បធម៌ដ៏ផូរផងរបស់ខ្លួន ដោយថ្លៃថ្នូរ នៃខ្មែរអង្គរ។

ប្រជាជនកម្ពុជា ស្គាល់ច្បាស់ណាស់អំពីតម្លៃនៃសិទ្ធិស្វ័យសម្រេចលើជោគវាសនាប្រទេសរបស់ខ្លួន។ កម្ពុជា ក៏មិនធ្វើប្រជាធិបតេយ្យបែបពួកទមិឡ ឬពួកប្រេតនយោបាយ ដែលតែងតែចង់ឈ្នះទាំងងងើល តាមដងផ្លូវ និងដោយការបង្ហូរឈាមទេ។ ប្រជាធិបតេយ្យបែបនេះ អស់លោកទុកអនុវត្តនៅក្នុងពិភពរបស់អស់លោកចុះ។

កម្ពុជា ក៏បានកត់សម្គាល់ដែរ អំពីសារជាតិ នៃវិទ្យុអាស៊ីសេរី ដែលក្នុងខួរក្បាលពេញដោយសំរាម។ ខ្មែរនៅក្នុងវិទ្យុអាស៊ីសេរី! សូមអ្នកយល់ថា៖ បើជាមនុស្សគិតល្អ ទោះបីគិត១លានជំពូក ក៏គិតចេញដោយរីករាយ។ បើអ្នកយកគំនិតសំរាមដាក់ក្នុងខួរក្បាល គឺអ្នកគិតតែ១ករណី ក៏មិនចេញផង ហើយក្បាលអ្នកនឹងឈឺជាប្រចាំដោយសារគំនិតសំរាមស្ថិតក្នុងខួរក្បាលអ្នក។ ប៉ុន្តែក៏សូមសរសើរដែរ ដែលអ្នកគ្មានសេចក្តីអៀនខ្មាស់ ឱនក្បាលធ្វើជាមេក្រូបម្រើនយោបាយទុច្ចរិតរបស់ជនចោលម្សៀត និងធ្វើជាសេកនៃបរទេសទាបថោក។ អ្នកអាចបន្តនៅអង្គុយកេះខ្មោចដ៏សោចមកហិត ប៉ុន្តែ ប្រជាជនកម្ពុជា នឹងបន្តដើរទៅមុខដោយកិត្តិយស៕