ក្រសួង​អប់រំ នឹង​ជ្រើសរើស​មត្តេយ្យ​សិក្សា​សហគមន៍​​ដែល​មាន​ស្តង់​ដា ចំនួន ៤០០​កន្លែង​​បន្ថែម​ទៀត ​សម្រាប់​ឆ្នាំ​​​ខាងមុខ​​


រាជធានី​ភ្នំពេញ៖ ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​​ក្រសួង​អប់រំ យុវជន និង​កីឡា ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ណែនាំ​បច្ចេកទេស​វាយ​តម្លៃ​ជ្រើសរើស​មត្តេយ្យ​សិក្សា​សហគមន៍​ដែល​មាន​លក្ខណៈ​ស្តង់​ដា ដែល​ការ​វាយ​តម្លៃ​ជ្រើសរើស​មត្តេយ្យ​សិក្សា​សហគមន៍​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សូចនាករ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមព្រៀង​ឯកភាព​ជាមួយ​សហគមន៍​អឺរ៉ុប និង​បាន​កំណត់​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣។

ជា​លទ្ធផល​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយ​តម្លៃ​មត្តេយ្យ​សិក្សា​សហគមន៍​ដែល​មាន​លក្ខណៈ​ស្តង់​ដាក់​សម្រេច​បាន​ជា​សារវន្ត សរុប​​រួម ៨៥០​កន្លែង ស្មើ​នឹង​៣០​%​ នៅ​ក្នុង​ទីតាំង​ភូមិ ៨១៤ ឃុំ/សង្កាត់​៥១៥ ក្រុង/ស្រុក/ខណ្ឌ ១៤២​នៃ​រាជធានី/ខេត្ត។

ឈរ​លើ​មូលដ្ឋាន​សម្រេច​បាន​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​យល់​ជា​គោលការណ៍ ដោយ​ផ្ដល់​ឱ្យ​ក្រសួង អប់រំ យុវជន និង​កីឡា បន្ត​ជ្រើសរើស​វាយ​តម្លៃ​មត្តេយ្យ​សិក្សា​សហគមន៍​ដែល​មាន​លក្ខណៈ​ស្តង់​ដា សម្រាប់​ឆ្នាំ​២០២០ ចំនួន ២០០​កន្លែង និង​ឆ្នាំ​២០២១ ចំនួន​២០០​កន្លែង​បន្ថែម​ទៀត ដែល​ការ​ផ្ដល់​គោលការណ៍​នេះ បាន​ចូលរួម​ចំណែក​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់ និង​ផ្ដល់​ឱកាស​សិក្សា​ដល់​កុមារ​តូច​ៗ ពិសេស​កុមារ​ដែល​រស់​នៅ​ក្នុង​តំបន់​ជួប​ការ​លំបាក និង​ងាយ​រងគ្រោះ៕

២៤ តុលា ២០១៩ | សាលា​មធ្យម​សិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈឹម