វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្តកំពត់


រសៀល.ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត នៅសាលសន្និសីទខេត្តកំពត។

សមាសភាពអញ្ជើញចូលរួម៖ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត តំណាងអង្គការ សង្គមស៊ីវិល តំណាងវិស័យឯកជន និងមន្ត្រីជំនាញ សរុបចំនួន ១១៦នាក់។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ ការរៀបចំវេទិកាពិគ្រោះយោបល់នេះឡើង ដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ ជាចុងក្រោយ ឯកឧត្តម បាន ស្នើសុំក្រុងស្រុកឃុំសង្កាត់កុំលើកគម្រោងច្រើន និងត្រូវអនុវត្តគម្រោងអោយបានឆាប់រហ័ស ដើម្បីមានការជឿជាក់ពីប្រជាពលរដ្ឋ។