អភិបាលខេត្តសៀមរាប បានសួរសុខទុក្ខតាមការផ្តាំផ្ញើនិងនាំយកថវិកាចំនួន ១ម៉ឺនដុល្លាររបស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជាជូនជនរងគ្រោះដោយផ្ទុះហ្គាស


កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមសាខាខេត្តសៀមរាប អមដំណើរដោយ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងសហការីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីបារម្ភបំផុតពីសំណាក់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និងបានឧបត្ថម្ភថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក ដល់លោក ហួត មុន្នីពិសាខ អាយុ ៣៥ឆ្នាំ មន្ត្រីនគរបាលខេត្តសៀមរាប រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប​​ ដែលរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរដោយការផ្ទុះហ្គាស កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ហេីយត្រូវត្រលប់ទៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យសបប្រាសិទ្ធ ខេត្តអ៊ូប៊ុន ប្រទេសថៃ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសជនចំពោះជនរងគ្រោះដោយសារផ្ទុះហ្គាសក្នុងទីរួមខេត្តសៀមរាបកន្លងមក។