បច្ច័យជាង ១២៥លានរៀល ត្រូវបានប្រគេនជូនវត្តចំនួន២ ក្នុងខេត្តស្ទឹងត្រែង


នាថ្ងៃអាទិត្យ ១៤រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពទ្ធសីមាវត្តធម្មរង្សី ហៅ(វត្តបាចុង) ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និងវត្តជោតិញារាម ហៅ(វត្តគីឡូ៨) ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីបុណ្យកឋិនទានសាមគ្គី ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៩ ក្រោមការផ្តួចផ្តើមដោយឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោកជំទាវ និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងទីអារាម។ បច្ច័យបានពីកឋិនទានសាមគ្គីនេះសរុបចំនួន ១២៥.០០០.០០០រៀល ក្នុងនោះ បច្ច័យចំនួន៧០.០០០.០០០រៀល ប្រគេនជូនវត្តធម្មរង្សី ហៅ(វត្តបាចុង) និងបច្ច័យចំនួន ៥៥.០០០.០០០រៀល ប្រគេនជូនវត្តជោតិញារាម ហៅ(វត្តគីឡូ៨)។