លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព ជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ជាតិ


(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច បានលើកឡើងថា សន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយវាជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ជាតិកម្ពុជា ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារសន្តិភាពនេះឱ្យបានរឹងមាំ។

ការលើកឡើងបែបនេះរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការវរៈសេនាតូចលេខ២ ការពារព្រំដែន នៅស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋជិត៥០០នាក់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនកងទ័ព មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត  ក៏បានថ្លែងអំណអរគុណ និងសូមចូលរួមសម្ដែងមនោសញ្ចេតនាអបអរសាទរ និងកោតសរសើរដល់នាយឧត្តមសេនីយ៍ ចៅ ភិរុណ និងប្រជាពលរដ្ឋទាំងអស់ ចំពោះការខិតខំកសាងសមិទ្ធផលជាច្រើន នៅទីបញ្ជាការវរៈសេនាតូចលេខ២ ការពារព្រំដែននេះ ដោយចំណាយថវិកាច្រើនសន្ធឹកសន្ធាប់រួមមានថវិការដ្ឋផង និងសប្បុរសជនផង រហូតដល់មានការរៀបចំប្រារព្ធ ពិធីសម្ពោធនេះឡើង។

លោកជំទាវកិត្តិសង្គហបណ្ឌិត បន្ថែមទៀតថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្មអតីត តំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូលលើមូលដ្ឋាន បង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងណែនាំដល់វរៈសេនាតូចលេខ២ ការពារព្រំដែន ខេត្តស្វាយរៀង ក៏ដូចជាកងកម្លាំងប្រដាប់អាវុធយើងទាំងមូល មានភារកិច្ចធំៗជាចំបង គឺការពារ និងធានាសន្តិសុខ ស្ថិរភាពនយោបាយរបស់ជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសជាតិ។

លើសពីនេះទៅទៀត កងកម្លាំងប្រដាប់អាវុធទាំងអស់ ទោះជាពេលមានសង្គ្រាមក្តីសន្តិភាពក្តី ក៏មានតួនាទីរួមសុខរួមទុក្ខជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជាពិសេសនៅពេល ពួកគាត់ជួបការលំបាកដូចជា ពេលមានគ្រោះ រាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត កងកម្លាំងប្រដាប់អាវុធតែងតែឈានមុខជួយសម្រាល នូវទុក្ខលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងប្រាប់ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ សូមតម្កល់ផលប្រយោជន៍ជាតិជាធំ ត្រូវដើរតាមមាគ៌ារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខការពារ ឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាព និងសុភមង្គលរបស់ប្រជាជនប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិ និងកលល្បិចរបស់ក្រុមក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្សី៕