ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិន CMEC (China Machinery Engineering Corporation)


ថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីសំណាក់គណៈប្រតិភូក្រុមហ៊ុនចិន ដឹកនាំដោយលោក Zhao Wenka អនុប្រធានគ្រប់គ្រងទូទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ជំនួបពិភាក្សានេះ គឺធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនអំពីវិសាលភាព និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជាលើវិស័យសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានបង្ហាញពីគម្រោងនានាដូចជា៖ គម្រោងផ្លូវល្បឿនលឿន គម្រោងលើកកម្ពស់គុណភាពនិងការពង្រីកផ្លូវ គម្រោងផ្លូវរថភ្លើងលើអាកាស គម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុង និងគម្រោងផ្សេងៗជាច្រើនទៀត ដល់គណៈប្រតិភូ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យចូលរួមដេញថ្លៃលើគម្រោងខាងលើជាមួយក្រុមហ៊ុនដទៃទៀតផងដែរ។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុនចិន CMEC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មជាតិរបស់ប្រទេសចិន (China National Machinery Industry Corporation Group of Companies) ដែលមានការិយាល័យធំនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕