ព្រឹកថ្ងៃនេះប្រធានាធិបតីហុងគ្រី និងភរិយា អញ្ជើញទៅខេត្តសៀមរាបទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន


(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។

ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ ការអញ្ជើញមកដល់របស់ ឯកឧត្តមប្រធានាធិបតី និងភរិយា ត្រូវបានប្រកាសស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ឯកឧត្តមប្រធានាធិបតី បានចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង និងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ថា៖ ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់ឯកឧត្តម យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កាលពីអំឡុងទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីហុងគ្រី Janos Ader ផងដែរ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហុងគ្រី។ សម្តេចបានថ្លែងអំណរគុណដល់ប្រធានាធិបតីហុងគ្រី ហើយរង់ចាំទទួលស្វាគមន៍លោកប្រធានាធិបតីប្រកបដោយភាពកក់ក្តៅ៕