ឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនកងជួរមុខ មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាល ខេត្តកំពង់ចាម


ឯកឧត្ដម អភិបាលខេត្ត អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ចាម ស្នើឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារសន្តិសុខជូនជាតិ និងប្រជាជន ។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនកងជួរមុខ មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នេះ ។
អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ ថ្លែងនូវការកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំស្នងការនគរបាល ខេត្តកំពង់ចាម ដែលបានដឹកនាំបញ្ជា ក្នុងការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ខេត្តកំពង់ចាម ​នាពេលកន្លងទៅ ។ ជាមួយនោះ ឯកឧត្ដម ក៏បានវាយតម្លៃ ចំពោះ ថ្នាក់ដឹកនាំស្នកងការ ដែលបានរៀបចំឲ្យមានវគ្គបំប៉ន នូវជំនាញពិសេស ទៅដល់កម្លាំងជួរមុខ ដើម្បី ឲ្យមានគោលជំហរហ្នឹងហ្នរ ប្រកបដោយទឹកចិត្តក្លៀវក្លាមុះមុត ក្នុងការបំពេញការងារ ដើម្បី ការពារបាននូវសន្និសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកដោយប្រសិទ្ធភាព ពីព្រោះថា បើកងកម្លាំងមានកាយសម្បទារឹងមាំ រួមផ្សំជាមួយនឹងទឹកចិត្តក្លៀវក្លាមុះមុតនោះ ទើបយើងអាចសម្រេចបាន នូវគោលបំណង ជូនដល់អង្គភាពបាន ។ ក្រៅពីនោះ ក្នុងនាមសមត្ថកិច្ចជំនាញ ដែលជាអ្នកអនុវត្តច្បាប់ ចាំបាច់ត្រូវយល់ច្បាស់ អំពីតួនាទីភារកិច្ច ដែលខ្លួនមាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ផងដែរ ។
ឯកឧត្ដម ប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ចាម ក៏បានចាត់ទុកថា ការជួបជុំនាពេលនេះ ក៏ដើម្បី បានត្រួតពិនិត្យកងកម្លាំង ក្នុងការត្រៀមបង្កា លើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនខេត្តកំពង់ចាម នៅថ្ងៃខាងមុខ ក៏ដូចជា ពេលបន្តបន្ទាប់ទៀត ផងដែរ ។ ដូច្នេះ ក្នុងនាមកងកម្លាំង ត្រូវយកចិត្តទុកដាក់ អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បី ការពារសន្តិសុខជាតិ និងប្រជាជន ព្រមទាំង ក្ដាប់ឲ្យបាននូវព័ត៌មានទាំងឡាយ បានគ្រប់ជ្រុងជ្រោយ ដើម្បី ដាក់ចេញនូវវិធានការអន្តរាគមន៍ ទប់ស្កាត់នូវរាល់បាតុភាពទាំងឡាយ ដែលបង្កឲ្យអស្ថេភាពដល់សង្គមជាតិ ។ ក្រៅពីនោះ កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបាននូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បី ការពារនូវភាពសុខសាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម គូសបញ្ជាក់ឲ្យដឹងថា ក្នុងការត្រៀមកម្លាំងការពារសន្តិសុខសណ្ដាប់សាធារណៈជូនជាតិ និងប្រជាជន ស្នងការដ្ឋាន បានរៀបចំផែនការ ដើម្បី ដាក់កម្លាំងការពារ នៅតាមគោលដៅពិសេសៗមួយចំនួន នៅក្នុងទូទាំងខេត្តកំពង់ចាម ធ្វើយ៉ាងណា ដើម្បី ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ។ ក្រៅពីនោះ យើងក៏បានត្រៀមនូវមធ្យោបាយ និងសម្ភារៈផ្សេងៗទៀត ដើម្បី បំរើដល់កងកម្លាំងចល័ត និងចុះអន្តរាគមន៍ នៅតាមគោលដៅនីមួយៗ ឲ្យទាន់ពេលវេលា ខណៈដែល មានព្រឹត្តិការណ៍ផ្សេងៗ កើតឡើងជាយថាហេតុនោះ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានផ្ដល់ជូននូវស្បៀងអាហារ ជា មី ចំនួន ២០០កេស និងថវិកា ៥លានរៀល ដល់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចា​ម ដើម្បី ចាត់ចែង នៅក្នុងពេលអំឡុងហ្វឹកហ្វឺនជំនាញខាងលើ ផងដែរ ៕