គណបក្សប្រជាជនកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះការទទួលព្រះអនិច្ចធម្ម របស់សម្តេចធម្មលិខិត លាស់ ឡាយ


(ភ្នំពេញ)៖ ក្នុងនាមសមាជិកសមាជិកាទាំងអស់ នៃគណបក្សប្រជាជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្ញើសារ និងសម្តែងនូវក្តីទុក្ខក្រៀមក្រំ ក្តុកក្តុលជាអនេកកប្បការ ចំពោះព្រះអនិច្ចកម្មរបស់សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះចៅអធិការវត្តសន្សំកុល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ ដោយព្រះជរាពាធ ក្នុងព្រះជន្ម ១០៦ព្រះវស្សា។

តាមរយៈសារលិខិតរំលែកទុក្ខ បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខជាមួយសម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះរាជាគណៈគ្រប់ឋាននុក្រម ព្រះថេរា នុថេរៈគ្រប់ព្រះអង្គ ជាទីគោរព ព្រមទាំងជាមួយពុទ្ធបរិស័ទទាំងអស់ ដោយក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងទទួលព្រះអនិច្ចធម្ម របស់ ម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គ ឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿង ពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកសនូវស្នាព្រះហស្តជាច្រើនឥតគណនា ទាំងពុទ្ធចក្រ និងអាណាចក្រ។

សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣៖០០ នាទីរសៀល ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយព្រះជរាពាធ។

ព្រះសពសម្តេចព្រះធម្មលិខិត ត្រូវបានតម្កល់នៅវត្តសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានថ្វាយព្រះវិញ្ញាណក្ខន្ធ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ៕