អាជ្ញាធរខណ្ឌចំការមន បើកវេទិកាសាធារណៈ និងផ្សព្វផ្សាយឯកសារជំនួយស្មារតី ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យយល់ពីសភាពការណ៍ កុំឲ្យចាញ់ការញុះញង់របស់ក្រុមឧទ្ទាម សម រង្សី


(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន បានបើកយុទ្ធនាការវេទិកាសាធារណៈ និងផ្សព្វផ្សាយឯកសារជំនួយស្មារតី ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីឲ្យយល់ពីសភាពការណ៍ កុំចាញ់បោកការញុះញង់ របស់ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស និងប្រាប់ប្រជាពលរដ្ឋត្រូវនាំគ្នាសប្បាយរីករាយ នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងថ្ងៃអកអំបុកខាងមុខនេះ។

នាឱកាសនោះ ក៏មានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមនជាអធិបតី នៅក្នុងវេទិកាសាធារណៈ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ១០ ភូមិ១៤ ភូមិ១៥ បុរីឧទ្យានបាសាក់ បុរីវីរៈជន និងប្រជាពលរដ្ឋរស់នៅតាមខុនដូរ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីស្តាប់ និងស្រាយបំភ្លឺ ដោះស្រាយ ពីសំណើរ សំណួរ សំណូមពរ កង្វល់នានា។ ក្នុងនោះ ក៏បានផ្សព្វផ្សាយឯកសារជំនួយស្មារតី និង ពីសភាពការណ៍មួយចំនួនជូនដល់បងប្អូន ដើម្បីជ្រាបកាន់តែច្បាស់ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសផងដែរ ។

ក្នុងនោះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរឲ្យក្រុមហ៊ុនកោះពេជ្រ តប្រព័ន្ធទឹកស្អាតនៅគម្រោងអេលីហ្សេ, សូមជួយឲ្យបង្កើនប្រព័ន្ធទូរស័ព្ទកាន់តែខ្លាំង ដើម្បីទំនាក់ទំនងគ្នា, ស្នើដល់អ្នកចិញ្ចឹមឆ្កែ ស្រឡាញ់ឆ្កែ សូមកុំព្រលែង សត្វឆ្កែពាសវាលពាសកាល ដែលជាហេតុនាំឲ្យសត្វឆ្កែជុះអាចម៍ ដាក់តាមផ្លូវ របងផ្ទះគេ និងស្នើសុំដល់ក្រុមហ៊ុនកោះពេជ្រ ជួយបំពាក់កាមេរ៉ាតាមដងផ្លូវឲ្យបានច្រើនថែមទៀត ដើម្បីងាយស្រួលចាប់មុខសញ្ញាប្រព្រឹត្ត បទល្មើសក្នុងកោះពេជ្រផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុខសញ្ញាប្រព្រឹត្តបទល្មើស ដែលបង្កជាអសន្តិសុខក្នុងមូលដ្ឋាន។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តគោលនយោបាយ (ភូមិសង្កាត់មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព៕